​ជនជាតិខ្មែរ​-​ឥស្លាម​ម្នាក់​ត្រូ​បាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តក្រចេះ​បញ្ជូនទៅ​តុលាការ ពីបទ​ប្រើប្រាស់​រូបិយប័ណ្ណ​ដុល្លារ​ក្លែងក្លាយ​

0


ខេត្ដ​ក្រចេះ​៖ ស្ត្រីជន​ជាតិខ្មែរ​ឥស្លាម​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បញ្ជូន​ខ្លួន​ទៅ​សាលាតំបូង​ខេត្ត​កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ បន្ទាប់ពី​ស្ត្រី​រូបនេះ​និង​បក្សពួក​ម្នាក់ទៀត​ធ្វើចរាចរ​ក្រដាសប្រាក់​ដុល្លា​ក្លែងក្លាយ​ប្រភេទ​២០​ដុល្លា​ជាច្រើន​សន្លឹក​មក​ចាយ​នៅក្នុង​ពិធីបុណ្យ​នៅក្នុង​វត្ត​ព្រែក​ចម្លាក់ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ចម្លាក់ ឃុំ​កញ្ជរ ស្រុក​ឆ្លូង កាលពី​យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៥ ចុង​សប្តាហ៍​កន្លងមកនេះ ។​b3

​ប្រភពពី​មន្ត្រីនគរបាល​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រីជន​សង្ស័យ​ខាងលើ​មានឈ្មោះ សុះ វី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កា​ប្រាំ ឃុំ​ទំពាំង​ឬ​ស្សី ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​​បើ​យោងតាម​ចម្លើយសារភាព​របស់​ស្ត្រីជន​សង្ស័យ​រូបនេះ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា លុយ​ដុល្លា​ក្លែងក្លាយ​នេះ​គឺ​រូបគេ​បានមកពី​ជន​ម្នាក់​ផ្សេងទៀត​ប្រគល់​ឲ្យ​មក​ដើម្បី​យកទៅ​ចាយ បំណង​ឆបោក​យកលុយ​ពិតប្រាកដ​ត្រឡប់មកវិញ ។​b4

​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តក្រចេះ លោក​វរសេនីយ៍ទោ កែវ សុ​គៀន បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា ស្ត្រីជន​សង្ស័យ​ខាងលើ​គឺ​ត្រូវ​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​ឆ្លូង​ធ្វើការ​ឃាត់​ចាប់ កាលពី​ថ្ងៃទី​៣១ ខែមករា​ចុង​សប្តាហ៍​កន្លងមក បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​បាន​យកលុយ​ដុល្លា​ប្រភេទ​ក្រដាស​២០​ដុល្លា ដើរ​ចាយ​ទិញ​របស់របរ​បន្តិចបន្តួច​ពី​អ្នកលក់ដូរ​នៅក្នុង​វត្ត​ព្រែក​ចម្លាក់​ហើយ​ឲ្យ​អ្នកលក់​អាប​លុយ​ពិតប្រាកដ​មក​ឲ្យ​ខ្លួន​វិញ ។​b2

​នាយការិយាល័យ​បានបញ្ជាក់​ទៀតថា ក្រោយពេល​ឃាត់​ចាប់​ស្ត្រី​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមាន​៖ ប្រាក់រៀល​ចំនួន​២៦៨.៧០០​រៀល ទូរស័ព្ទ​ដែ​ម៉ាក​ណូគា​(​អិន​ចុច​ពិល​)​ចំនួន​១​គ្រឿង ដោយឡែក​ក្រដាសប្រាក់​ដុល្លា​ក្លែងក្លាយ​ប្រភេទ​២០​ដុល្លា ចំនួន​១៦​សន្លឹក​ដែល​បានមកពី​ប្រជាពលរដ្ឋ​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នោះ គឺ​ស្ត្រី​ជនសង្ស័យ​ឈ្មោះ សុះ វី ទទួលស្គាល់ថា​ជា​របស់ខ្លួន​តែ​ចំនួន​០៦​សន្លឹក​ប៉ុណ្ណោះ រីឯ​ក្រដាសប្រាក់​ដុល្លា​ចំនួន​១០​សន្លឹក​ទៀត​គឺជា​របស់​ឈ្មោះ សុះ ត​ស់ ។​b1

​លោក​វរសេនីយ៍ទោ ហុង សុខលី អនុ​ការិយាល័យ​កណ្តាល នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តក្រចេះ បានបញ្ជាក់​ឲ្យ​ដឹងថា ក្រោយពី​សមត្ថកិច្ច​ដក​ហូត​បាន​វត្ថុតាង​ជាក់ស្តែង និង​យោងទៅតាម​ចម្លើយសារភាព​របស់​ស្ត្រី​ជា​ជនសង្ស័យ ពេលនេះ​កម្លាំង​នគរបាល​ជំនាញ​បាន​កសាង​សំនុំ​ឯកសារ​គ្រប់គ្រាន់ ហើយ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាតំបូង​ខេត្តក្រចេះ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​បក្សពួក​របស់​ស្ត្រី​សង្ស័យ​រូបនេះ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​ចរាចរ​ក្រដាសប្រាក់​ដុល្លា​ក្លែងក្លាយ ពេលនេះ​កម្លាំង​នគរបាល​កំពុងតែ​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​៕