ខេត្តស្ទឹងត្រែងៈសោកវិនាសកម្មមួយបានកើតឡើងយ៉ាងរន្ធត់រវាងឪពុកនិងកូនក្នុងគ្រួសារតែមួយឈានដល់ការកាប់សម្លាប់គ្នាព្រោះតែរឿងជម្លោះផ្ទៃក្នុងគ្រួសារបន្តិចបន្តួច បែជាលទ្ធផលឪពុកស្លាប់បាត់បង់ជីវិត ឯកូនត្រូវច្បាប់ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ។
ករណីឃាត្តកម្មនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០១៥ នៅចំណុចអូរសាន់ ស្ថិតក្នុង ភូមិរាជានុកូល សង្កាត់ ក្រុងស្ទឹងត្រែង ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុប្រជាពលរដ្ឋបាននិយាយថាជនដៃដល់និងជនរងគ្រោះត្រូវជាឪពុកចុងកូនចុងនឹងគ្នាដោយរស់នៅជួបជុំគ្នាក្នុងដំបូលផ្ទះតែមួយ ។តែស្ថិតក្នុងថ្ងៃកើតហេតុនេះជនរងគ្រោះនិងជនដៃដល់ដែលជាកូនចុងបាននាំគ្នាកាប់ទា
ពីរក្បាលហូបចុកក្នុងគ្រួសារនិងបានទិញស្រា ស មកផឹកអស់មួយលីត្រហើយមួយលីត្រ
ក៍បានឈ្លោះប្រកែកគ្នារហូតឈានដល់ការដេញវាយគ្នាកាប់ចាក់គ្នាដល់ស្លាប់នៅនឹងកន្លែង។
លោកវរសេនីយទោដួង ស៊ីវុត្ថានាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានអោយដឹងថាជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងែដដែលក្រោយកើតហេតុបាន២ម៉ោងបន្ទាប់ពីជនសង្ស័យមានឈ្មោះដៀប ចាន់នី ភេទប្រុស អាយុ៣៥ឆ្នាំ កាប់សម្លាប់ឪពុកចុងនោះ។ចំណែកជនរងគ្រោះជាឪពុកចុងមានឈ្មោះ ឃួន សារិទ្ធ ភេទប្រុសអាយុ៦០ស្នាក់នៅរួមគ្នាជាមួយជនសង្ស័យ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
លោកវរៈសេនីយ៍ទោបានបន្តអោយដឹងថានៅថ្ងៃកើតហេតុឪពុកនិងកូនចុងបានកាប់ទាពីរក្បាលហើយទៅទិញស្រា សផឹកជាមួយគ្នា។ក្រោយពីឪពុកទិញស្រាសនាំគ្នាផឹកអស់មួយលីត្រ កូនចុងក៏បានទៅទិញថែមមួយលីត្រទៀត។ក្រោយពីហូបចុកសប្បាយ នោះក៍បង្កអោយមានជម្លោះ ឈ្លោះទាស់ទែងគ្នា ឈានដល់ការដេញវាយគ្នា និងកាប់គ្នាបណ្តាលឲ្យជនរងគ្រោះជាឪពុកចុង ស្លាប់នៅនឹងកន្លែងតែម្តង។
លោកវរៈសេនីយ៍ទោបានបន្ថែមថាក្រោយកើតហេតុលោកទទួលបានព័ត៍មានកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានចុះសហការជាមួយកំលាំងអធិការក្រុងស្ទឹងត្រែង ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លនជនសង្ស័យឈ្មោះដៀប ចាន់នី នាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខមន្ត្រីអនុវត្តច្បាប់ថាមុនដំបូង ខ្លួនបានកាប់ទាពីរក្បាលដើម្បីហូបនៅក្នុងគ្រួសារ ហើយក៏ទៅទិញស្រាស១លីត្រដើម្បីផឹក ក្រោយផឹកអស់១លីត្រហើយថែម១លីត្រទៀត លុះដល់ពេលស្រវឹងឪពុកបានរករឿងដេញចេញពីផ្ទះ តែខ្លួនបានប្រាប់ថាចាំពេលដែលបើកលុយ គាស់ដំឡូងបានទើបបានទើបចេញ តែពេល នោះឪពុកក៏មិនស្តាប់ហើយបានយកពូថៅដេញគប់ខ្លួនតែមិនបណ្តាលឲ្យរបួសទេ ឃើញដូចនេះរូបខ្លួនក៏បានយកកាំបិតគប់ទៅឪពុកត្រូវ១កាំបិត ឪពុកក៏បានយកដំបូង៤ជ្រុង បម្រុងវាយ តែខ្លួនបានស្រវាយកដំបូងវ៉ៃឪពុកបានមុន និងវាយឪពុកបន្ថែមទៀតនិងកាប់ដោយកាំបិតបណ្តាលឲ្យដួលនៅនឹងកន្លែងស្លាប់ភ្លាមៗ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅក្រោមការសាកសួររបស់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការបន្តទៅតាមនិតិវិធី៕


































