អង្គការ សហប្រជាជាតិ បានចេញរបាយការណ៍ ស្តីពីចំនួន មនុស្សស្លាប់ ក្នុងប្រទេស អ៊ីរ៉ាក់ សម្រាប់ខែមករា កន្លងទៅនេះ ដោយមានរហូតដល់ ១.៣៧៥នាក់ និង ២.២៤០នាក់ ទៀតរងរបួស នៅក្នុងសកម្មភាពភេរវកម្ម ព្រមទាំងអំពើហិង្សាគ្រប់ទម្រង់។
អ្នកនាំពាក្យអង្គការ សហប្រជាជាតិលោក ស្ទេហ្វាន ឌូហ្សារីក បានធ្វើបទសង្ខេបព័ត៌មាន ប្រចាំថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅឯទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ នាបុរីញូយ៉ក ដែលតួលេខ ទាំងស្រុងគឺទទួលបានមកពី បេសកកម្មផ្តល់ជំនួយរបស់យូអិន នៅប្រទេសអ៊ីរ៉ាក់ (UNAMI)។
ក្នុងសេចក្តីថ្លែងការណ៍នោះបញ្ជាក់ថា “ចំនួនជនស៊ីវិលដែលបានស្លាប់ គឺ ៧៩០នាក់ ហើយ សម្រាប់ជន ស៊ីវិលរងរបួសវិញ គឺ ១.៤៦៩នាក់។ ទីក្រុងបាកដាដ ជាកន្លែងដែលមានមនុស្ស ស្លាប់ច្រើនជាងគេ ដោយមានជនស៊ីវិលស្លាប់រហូតដល់ទៅ ១.០១៤នាក់ សម្រាប់ពេញមួយ ខែមករា ដើមឆ្នាំ២០១៥។”
គួរបញ្ជាក់ថា សន្តិសុខនៅប្រទេសអ៊ីរ៉ាក់ បានប្រែជាតានតឹងខ្លាំងឡើងវិញ ចាប់តាំងពីខែ កក្កដា ឆ្នាំ ២០១៤មក ដោយសារតែពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម ISIS បានចាប់ផ្តើមវាយ សម្រុកលើ កងកម្លាំង រដ្ឋាភិបាលអ៊ីរ៉ាក់ ដែលការពារដោយកងកម្លាំងអាមេរិក និង សម្ព័ន្ធមិត្ត ជាហេតុនាំឲ្យមានការប្រយុទ្ធគ្នា នៅតាមតំបន់សំខាន់ៗ សូម្បីតែទីក្រុង បាកដាដ៕