ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅព្រឹកថ្ងៃអង្គារនេះបានប្រកាស ពីកំណត់ត្រា ថវិកាជាតិចំនួន ៤ពាន់ពាន់លានដុល្លារអាមេរិក ជាសំណើសម្រាប់ឆ្នាំ២០១៦ តាមដែល លោកបានប្ដេជ្ញាថា ថវិកានេះនឹងប្រើប្រាស់សម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និង
ការស្រាវជ្រាវ ដើម្បីធ្វើឲ្យប្រទេសជាតិ កាន់តែរីកចម្រើន ជាពិសេសប្រជាជន ដែលមានជីវភាពកម្រិតមធ្យម។ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះឲ្យដឹងថា ចំនួនថវិកាជាតិ ៣,៩៩៩ពាន់ពាន់លានដុល្លារអាមេរិក ជាតម្លៃបញ្ជាក់ ឲ្យឃើញពីការកើនឡើង ៦,៤ភាគរយបើធៀប ទៅនឹងឆ្នាំមុនៗ។ នៅក្នុងថវិកាជាតិថ្មីមួយនេះនឹងចាប់ផ្ដើមសម្រាប់ ខែដំបូងគឺនៅថ្ងៃទី០១ ខែតុលា ដែល ថវិកាជាតិ ៦០៥ ពាន់លានដុល្លារ
លោកអូបាម៉ា ប្រើសម្រាប់វិស័យការពារជាតិ និង ៥៦៣ ពាន់លាន ដុល្លារ មិនមែនជាវិស័យការពារជាតិ ដែលទាំងនោះរួមបញ្ចូល ទាំងផ្នែកសន្ដិសុខសង្គម និងវិស័យសុខាភិបាលសរុបចំនួន ២,៥៤ពាន់ពាន់លានដុល្លារអាមេរិក។ថវិកាជាតិចំនួន ៤៧៨ ពាន់លានដុល្លារនឹងត្រូវបានប្រើសម្រាប់ការសាងសង់ផ្លូវ និងស្ពាន និងផ្ដល់នូវការ សិក្សារយៈពេលពីរឆ្នាំ សម្រាប់សហគមន៍ នៅថ្នាក់មហាវិទ្យាល័យ រួមទាំងការ ចំណាយទៅលើការស្រាវ ជ្រាវ និងការអភិវឌ្ឍន៍។ ក្នុងសំណើនោះ ចំនួនទឹកប្រាក់ ៧៤ពាន់លានដុល្លារ នឹងចំណាយទៅលើ រដ្ឋាភិបាលសហព័ន្ធ និង៣៨ ពាន់លានដុល្លារ ទៀតនឹងចំណាយលើវិស័យការពារជាតិ៕