ការស្នើឲ្យមានការជួបពិភាក្សា រវាងមន្ត្រីការទូតជាន់ខ្ពស់ទាំងសងខាង ពីសំណាក់ កូរ៉េខាងជើងនោះ មិនត្រូវបានសម្រេចនោះទេ ដោយសារតែភាគីកូរ៉េខាងជើង ទទូចចង់ឲ្យ មានកិច្ចប្រជុំធ្វើ ឡើងនៅទីក្រុងព្យុងយ៉ាង។នេះបើយោងតាម សេចក្ដីរាយការណ៍ពីភា្នក់ងារ 
សារព័ត៌មានយុនហាប់ពី ទីក្រុងវ៉ាស៊ីនតោននៅព្រឹកថ្ងៃអង្គារនេះ។ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះដោយ ដកស្រង់ពីសេចក្ដី រាយការណ៍ខាងលើបន្ថែមទៀតថា លោក ស៊ុង គីម អ្នកតំណាង ពិសេសសម្រាប់គោលនយោបាយកូរ៉េ ខាងជើង មានបំណងចង់ជួនពិភាក្សាគ្នា ជាមួយនឹង អតីតមន្ត្រីអាមេរិកទទួលបន្ទុក ការចរចាកម្មវិធីនុយក្លែអ៊ែរកូរ៉េខាងជើង និងស្នើ ឲ្យមានកិច្ច ពិភាក្សាជាន់ខ្ពស់មួយ រវាងបេសកកម្មកូរ៉េខាងជើង ប្រចាំសហរដ្ឋអាមេរិក។សំណើរនេះ បានធ្វើឡើងបន្ទាប់ពីលោក ស៊ុង គីម បាន
ទៅបំពេញទស្សនកិច្ច នៅទីក្រុងតូក្យូ ប្រទេស ជប៉ុន កាលពីសប្ដាហ៍មុន ដើម្បីពិភាក្សាគ្នាជាមួយ នឹងប្រេសិតកំពូលកម្មវិធីនុយក្លែអ៊ែរ មកពីកូរ៉េខាងត្បូង និងជប៉ុន នៅក្នុងទីក្រុងតូក្យូ។ ក្រោយពីបញ្ចប់កិច្ចពិភាក្សាត្រីភាគីលោក គីម បានទៅទស្សនកិច្ចនៅទីក្រុង ប៉េកាំង ដើម្បីជួបពិភាក្សា ជាមួយនឹងដៃគូចិនជាបន្ដទៀត។គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០០៨ កិច្ចពិភាក្សា៦ភាគី ស្ដីពីកម្មវិធីនុយក្លែអ៊ែរ ត្រូវបានធ្វើ ឡើងដោយ មានការចូលរួម ពីប្រទេសកូរ៉េទាំងពីរ សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្ស៊ី ប៉ុន្ដែហាក់ មិនមានទទួលបានផ្លែ ផ្កាអ្វីនោះទេ៕




































