ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈថា អាមេរិកបានបន្ថែមទណ្ឌកម្មផ្នែកទិដ្ឋាការដែលមិនបញ្ចេញឈ្មោះដល់មន្ត្រីវេណេហ្ស៊ុយអេឡា ដោយសារតែមន្ត្រីទាំងនោះជាប់ទាក់ទឹនអំពើពុករលួយ និងរំលោភសិទ្ធិមនុស្ស ។ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក
Nicolas Maduro បានហៅវិធានការនេះថា ជាការប៉ុនប៉ងមួយរំលោភមកលើអធិបតេយ្យវេណេហ្ស៊ុយអេឡា។កាលពីឆ្នាំមុន អាមេរិកបានអនុវត្តវិធានការដាក់ទណ្ឌកម្មទៅលើមន្ត្រីវេណេហ្ស៊ុយអេឡាដែលបានរំលោភទៅលើសិទ្ធិរបស់បាតុករ។ កាលពីមុនគេដាក់ទណ្ឌកម្មតែចំពោះពួកមន្ត្រីនោះទេដែលហាមចូលទៅកាន់ទឹកដីអាមេរិក ប៉ុន្តែលើកនេះ គឺហាមទាំងក្រុមគ្រួសាររបស់មន្ត្រីទាំងនោះផងដែរ។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki បានថ្លែងថា «យើងផ្ញើសារឲ្យឃើញកាន់តែច្បាស់ថា អ្នកដែលរំលោភសិទ្ធិមនុស្ស អ្នកដែលទទួលផលពីការប្រព្រឹត្តអំពើពុករលួយ និងក្រុមគ្រួសាររបស់ពួកគេទាំងនោះមិនត្រូវបាន
ស្វាគមន៍នៅលើទឹកដីអាមេរិកទេ»។លោក Maduro បានប្រតិកម្មយ៉ាងខឹងសម្បា ហើយបានបញ្ជាក់ថា លោកនឹងផ្ញើលិខិតមួយច្បាប់ជូនលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា។ លោកបន្តថា លោកមិនចង់ឲ្យមនុស្សគ្រប់គ្នាមើលមកយើង ហើយគិតថា យើងជាប្រទេសរំលោភសិទ្ធិមនុស្សនោះទេ។ទណ្ឌកម្មថ្មីទៅលើវេណេហ្ស៊ុយអេឡានេះប្រកាសឡើងបន្ទាប់ពីលោក Maduroបានប្រកាសចោទប្រកាន់អនុប្រធានាធិបតីអាមេរិក លោក Joe Biden ថាជាអ្នក
រួមគំនិតធ្វើរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាលសង្គមនិយមរបស់គាត់ នៅក្នុងអំឡុងពេលកិច្ចប្រជុំបន្ទាន់មួយរបស់មេដឹកនាំការាបៀន(Caribbean)នៅទីក្រុង វ៉ាស៊ីនតោន។ការិយាល័យរបស់អនុប្រធានាធិបតីអាមេរិក Joe Biden បានហៅការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន និងគ្មានការពិត។ទំនាក់ទំនងរវាងអាមេរិក នឹងវេណេហ្ស៊ុយអេឡាមានសភាពតានតឹងជាយូរឆ្នាំមកហើយ ។ ប្រទេសទាំងពីរមានទំនាក់ទំនងការទូតចុងក្រោយបំផុតគឺក្នុងឆ្នាំ២០១០ ៕