កំពង់ឆ្នាំង៖តុល្យភាពស្បៀងក្នុងឆ្នាំ២០១៤ខេត្តកំពង់ឆ្នាំងនៅសល់ស្បៀងជាស្រូវ៣២៥.៦៦៩តោន ស្មើនិងអង្ករ២០៨.៤២៨តោន នេះជាការលើកឡើងរបស់លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងរងគ្រោះដោយគ្រោះថ្នាក់ជាយថាហេតុផ្សេងៗចំនួន៧៨០គ្រួសារ នៅមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តបាននិយាយអោយដឹងនៅព្រឹកថ្ងៃទី០៣ ខែកុ ម្ភៈ ឆ្នាំ២០១៥នេះថា៖តាមការប៉ាន់ស្មានតុល្យភាពស្បៀងឆ្នាំ២០១៥នេះ ខេត្តកំពង់ឆ្នាំងសល់ស្បៀងជាស្រូវចំនួ ៣០៩.៣៩៤តោន ស្មើនិងអង្ករ ១៩៨.០១២ តោន។ចំណែកការប្រមូលផលស្រូវនៅក្នុងឆ្នាំ២០១៥ បរិមាណផលសរុបទទួ លបាន ៣៧៤.៥៣២តោន ទិន្នផលគិតជាមធ្យម ២,៨៧៤តោនក្នុង១ហិកតា ថយចុះជាងឆ្នាំ២០១៤ ក្នុងហិកតា១៩៨គីឡូ បញ្ហាថយចុះនេះមកពីដើមរដូវខ្វះខាតទឹកធ្វើអោយផលស្រូវធ្លាក់ចុះ។
ដោយឡែកនៅក្នុងរបាយការណ៍ការងារបង្កបង្កើនរដូវប្រាំងឆ្នាំ២០១៤ , ២០១៥គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ធ្វើបាន៖ដំណាំស្រូវ សាបបាន១.៣០០ហិកតា ព្រោះនិងស្ទូងបាន៣៣.៥០៩ហិកតា ស្មើនឹង១០៧,៩៨%លើផែនការ។ដាំណាំរួមផ្សំនិងដាំណាំឧស្សាហកម្ម ធ្វើបាន ៨.៧៧២ហិកតា ស្មើនឹង១១២%លើផែនការ ក្នុងនោះដាំពោតបាន៩៧០ហិកតា ដំឡូងឈើ១០៤ហិកតា ដំឡូងជ្វា១៦០ហិកតា សណ្តែកបាយ២.០៣០ហិកតា ឪឡឹក៤៧១ហិកតា អំពៅ៤៩ហិកតា ល្ង៩៤៥ហិកតា ថ្នាំជក់៨២ហិកតា សណ្តែកដី១៣៧ហិកតា ក្រចៅ២២ហិកតា កត់១៤២ហិកតា ឈូក១,០២៦ហិកតា និងដំណាំបន្លែគ្រប់មុខ២.៦២៥ហិកតា។
ទាក់ទងនិងការងារបង្កបង្កើនផលក្នុងវិស័យកសិកម្មនេះ លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើងអោយដឹងថា៖ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការដឹកនាំដ៏ល្អរបស់មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងបង្កបង្កើនផលបានលើសផែនការ ជាក់ស្តែងតុល្យភាពស្បៀងក្នុងឆ្នាំ២០១៣ ទូទាំងខេត្តនៅសល់ស្បៀងជាស្រូវ ៣១៩.៨០០តោន ហើយនៅឆ្នាំ២០១៤ខេត្តកំពង់ឆ្នាំងក្រៅពីការហូបចុក ខេត្តនៅសល់ស្បៀងជាស្រូវ ចំនួន៣២៥.៦៦៩តោន ស្មើនិងអង្ករ២០៨.៤២៨តោន។
នៅក្នុងវិស័យឧស្សាហកម្មវិញ ខេត្តមានមូលដ្ឋានឧស្សាហកម្មធុនតូច និងសិប្បកម្មសរុបចំនួន១.៥០៥មូលដ្ឋាន វិស័យវិនិយោគខេត្តមានរោងចក្រ សហគ្រាសចំនួន ១៦ មូលដ្ឋាន បាននិងកំពុងដំណើរការ ដែលបានផ្តល់ការងារជូនកូនចៅប្រជាពលរដ្ឋក្នុងខេត្តចំនួន ២៦.៩៧៣នាក់ នាំមកនូវប្រាក់ចំណូលសរុបប្រមាណ៣លានដុល្លាក្នុង១ខែៗ ដែលនេះគឺជាការចូលរួមចំណែកលើកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយបានធូរធារកាន់តែប្រសើរឡើង កាត់បន្ថយបានភាពក្រីក្រីរបស់ប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល៕