កំពង់ឆ្នាំង៖ ស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ខូចចិត្តប្រចណ្ឌ័នឹងប្តីបានផឹកថ្នាំបំពុលកណ្តុរប៉ងសម្លាប់ខ្លួន ប៉ុន្តែពេលដឹងទាន់ក្រុមគ្រួសារបានដឹកយ៉ាងប្រញ៉ាប់ប្រញាល់បញ្ជូនមកកាន់មណ្ឌលសុខភាពស្រុក និងបានដឹកបន្តបញ្ជូនមកមន្ទីរពេទ្យខេត្តជាបន្តទៀតដើម្បីជួយសង្គ្រោះជីវិតនាង។ហេតុការណ៏ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៥ នៅក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ស្ត្រីប៉ងធ្វើអត្តឃាតរូបនោះមានឈ្មោះ ចឹម ស៊ីណា អាយុ២៨ឆ្នាំ មានប្តីឈ្មោះ សួង គឹមសេង អាយុ៣២ឆ្នាំ គ្រួសារនេះមានទីលំនៅភូមិឃុំកើតហេតុខាងលើ។ចំពោះមូលហេតុនៃការប៉ងសម្លាប់ខ្លួននេះក្រុមគ្រួសារ មិនបានដឹងនោះទេ ប៉ុន្តែតាមការអះអាងរបស់បុរសជាប្តី ដែលបានប្រាប់លោកមេឃុំមេលំនោះថា៖ មុនពេលកើតហេតុប្រពន្ឋគាត់ជាមួយស្រីៗអ្នកភូមិជាមួយគ្នា ៤-៥នាក់បាននាំគ្នាផឹកទឹកត្នោតជូរ អស់ច្រើនល្មមដែរនៅផ្ទះអ្នកជិតខាងក្នុងភូមិ។
ក្នុងពេលនោះរូបគាត់ជាប្តីបានត្រឡប់មកពីស្រែវិញ ក៏ត្រូវស្រីៗដែលកំពុងនៅផឹកជាមួយប្រពន្ឋគាត់ បានហៅគាត់អោយចូលផឹកជាមួយគ្នា ហើយគាត់ក៏ចូលផឹកជាមួយបានតែមួយកែវ និងកំពុងនិយាយគ្នាលេងក៏ស្រាប់តែ បាត់ប្រពន្ឋគាត់មិនដឹងទៅណា។បន្តិចក្រោយមកមានគេរត់មកប្រាប់គាត់ថា៖ ប្រពន្ឋគាត់បានទៅផឹក ថ្នាំបំពុលសត្វកណ្តុរកំពុងប្រកាច់នៅក្នុងផ្ទះ ភ្លាមៗនោះដែរគាត់ប្រញ៉ាប់រត់ទៅផ្ទះ និងបានស្រែកអ្នកជិតខាងក្នុងភូមិអោយជួយដឹកនាងយកទៅពេទ្យស្រុកបរិបូណ៌ជួយសង្គ្រោះនាង។
សមត្ថកិច្ចមូលដ្ឋានបាននិយាយអោយដឹងថា៖ពេលប្តីមកចូលផឹកជាមួយនោះប្រពន្ឋ បានខឹងនឹងប្តី ព្រមជាមួយគ្នានោះមានស្រីៗញោះឌឺដងដាក់ប្តីលលេងផងនោះ ទើបនាងប្រចណ្ឌ័ហើយបានគេចត្រឡប់មកផ្ទះមុន និងបានយកថ្នាំបំពុលកណ្តុរផឹកប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងតែម្តង ព្រោះភ្លើងប្រចណ្ឌ័។
ក្រុមគ្រូពេទ្យខេត្ត ដែលកំពុងជួយសង្គ្រោះបាញ់ទឹកបញ្ចូលលាងក្រពះអោយនាងបាននិយាយអោយដឹងថា៖ ស្ត្រីប៉ងធ្វើអត្តឃាតរូបនេះកំពុងស្ថិតក្នុងការសង្គ្រោះជីវិតជាបន្ទាន់ ចំណែកទារកក្នុងផ្ទៃពោះនាងដែលទើបតែមានអាយុ៤ខែនោះ គេមិនអាចសន្និដ្ឋានបានថាទារកនោះជោគវាសនាយ៉ាងណានោះទេ ប្រហែលជាសង្ឃឹមជួយសង្គ្រោះទារកនោះបានតិចតួចណាស់៕



































