​រថយន្ត​ធុន​យក្ស​មួយគ្រឿង ក្រឡាប់​ចូល​ហាវ​ថ្នល់ ធ្លាយ​ចេញ​ក្របី​ជិត​១០០​ក្បាល នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១

0

ស្វាយរៀង​​មាន​រថយន្ត​ធុន​យក្ស​មួយគ្រឿង ក្រឡាប់​ចូល​ហាវ​ថ្នល់ ក្អួត​ចេញ​ក្របី​ប្រមាណ​ជិត​១០០​ក្បាល តែ​អ្នក​រត់ការ​ផ្លូវ​ប្រាប់ថា មានតែ​៤៥​ក្បាល​ប៉ុណ្ណោះ ហើយ​មានការ​លាក់លៀម មិន​ឲ្យ​អ្នកយកព័ត៌មាន​ដឹង​ឡើយ ពេល​អ្នកយកព័ត៌មាន​សាកសួរ​អំពីរ​ច្បាប់ ឬ​អាជ្ញា​ប​ណ្ណ័​និង​ឈ្មោះ​ក្រុមហ៊ុន គេ​ឆ្លើយថា មិន​ស្គាល់​ទេ ពួកគេ​គឺជា​កម្មករ​ស៊ីឈ្នួល​ដឹក​ក្របី ពី​ខេត្តបន្ទាយមានជ័យ មកកាន់​ខេត្តស្វាយរៀង ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​សំរោង ឃុំ​សំរោង ស្រុក​ចន្ទ្រា ។​4
​ករណី​រថយន្ត​ធុន​យក្ស​ក្រឡាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ខាងលិច​រង្វង់​មូល​រូប​គោ ចម្ងាយ​២០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ។3
​ទាក់ទិន​រថយន្ត​ធុន​យក្ស​ក្រឡាប់ ធ្លាយ​ចេញ​សុទ្ធតែ​ក្របី​នេះ មន្ត្រី​នគ​បាល​ក្រុង​ស្វាយរៀង បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​ក្របី​នេះ គឺ​របស់លោក ទេព សា​វេត ដែលមាន​ទីលំនៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ​រ័ ក្រុង​ស្វាយរៀង រីឯ​ចំនួន​ក្របី​ដឹក​ក្នុង​រថយន្ត ដែល​ក្រឡាប់​នេះ ក្រុមកម្មករ​មិន​ហ៊ាន​ប្រាប់​អ្វី​ទេ ហើយ​ពួកគេ​ក៏​មិន​ស្គាល់ឈ្មោះ​ថៅកែ​រដែរ ។ រីឯ​លោក ទេព សា​វេត ប្រធាន​ក្រុមហ៊ុន ទេព សា​វេត បាន​និយាយថា ក្របី​គាត់​មាន​ចំនួន​៤៥​ក្បាល ពេល​សមត្ថកិច្ច​រាប់សា​កល្ប​ង ឃើញ​រហូត​៦៥​ក្បាល ក៏ប៉ុន្តែ​ពេល​រាប់​ជាក់ស្តែង ក្របី​នៅ​ខាងក្រៅ​រថយន្ត​មាន​៣៥​ក្បាល រីឯ​ក្របី​នៅក្នុង​រថយន្ត ចំនួន​៥០​ក្បាល មិន​រាប់​កូន​ក្របី ដែលមាន​អាយុ​មួយខែ ឬ​ពីរ​ខែ​ផង ។2

​ចុងក្រោយ​លោក ទេព សា​វេត បាន​យាយ​ថា លោក​ក៏​មិនដឹងថា មាន​ក្របី​ប៉ុន្មាន​ក្បាល​ដែរ ចាំមើល​ឯកសារ​សិន ។ រីឯ​មហាជន​រិះគន់ថា ក្រុម​ឈ្មួញ​ដឹក​ក្របី​នេះ ដឹក​តាម​រថយន្ត​ធុន​យក្ស​លើស​ទម្ងន់ បណ្តាល​ឲ្យ​ខូច​​ផ្លូវ​ស្ពាន​លូ តែ​គ្មាន​ឃើញ​សមត្ថកិច្ច​ណា ហ៊ាន​ទៅ​ក្បែរ​ឡើយ ។ ហើយ​សមត្ថកិច្ច​ខ្លះ បង្ហើប​ឲ្យ​ដឹងថា ពួក​ឈ្មួញ​ដឹកគោ​ក្របី​ជាច្រើន​ឆ្នាំ​មកហើយ អាជ្ញា​ប​ណ្ណ័​១​ពាន់​ក្បាល ដឹក​រាប់​ឆ្នាំ​ឯណោះ ហើយ​បើ​មាន​អ្នកយកព័ត៌មាន សាកសួរ​ពួកគេ ពួគ​លាក់លៀម​មិន​ផ្តល់ព័ត៌មាន​ឲ្យ​ទេ ។1

លុះដល់​វេលា​ម៉ោង​៦​ព្រឹក ក្រុម​ឈ្មួញ​បាន​យក​រថយន្ត​ធុន​យក្ស​២​គ្រឿង មក​ផ្ទេរ​ក្របី​ទាំងអស់ យកទៅ​ប្រទេស​វៀតណាម និង​ស្ទូច​រថយន្ត​ក្រឡាប់​ឡើងលើ​ថ្នល់​វិញ នេះ​សំ​
​ណា​ង​ណាស់ ដែល​ក្រឡាប់​ខុស​ផ្ទះ​ប្រជាពលរដ្ឋ ទើប​គ្មាន​អ្នករងគ្រោះ ។

សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយរៀង​បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​រថយន្ត​ក្រឡាប់ គឺ​ដោយសារ​អ្នកបើកបរ មិន​ពិនិត្យ​បច្ចេកទេស បណ្តាល​ឲ្យ​អស់​ប្រេង​ឡាប ធ្វើ​ឲ្យ​គាំង​បាក់​ឡាប រេ​ចង្កូត​ធ្លាក់​ហាវ​ថ្នល់​តែម្តង តែ​នគ​បាល​ម្នាក់​និយាយថា ទំនង​អ្នកបើកបរ ងងុយដេក​ទើប​រេ​ចង្កូត​ធ្លាក់​ហាវ​ថ្នល់ ។ ចំពោះ​មន្ត្រី​ការិយាល័យ បសុព្យាបាល​ខេត្ត មិនអាច​សុំ​កា​រប​ភ្លឺ​បានទេ ពាក់ព័ន្ធ​និង​ករណីនេះ ៕