ម៉ូតូ​រ៉ឺម៉ក​ដឹក​ត្រី​ជិះ​ឆ្លងផ្លូវ​ជ្រុល​បុក​ម៉ូតូ​សេ​១២៥​បណ្តាលឲ្យ​ក្រឡាប់​គរលើគ្នា​រង​ការខូចខាត ទាំងសង្ខាង​

ភ្នំពេញ​៖​ម៉ូតូ​រ៉ឺម៉ក​ដឹក​ត្រី​មួយ​គ្រឿង​បាន​ក្រឡាប់​ផ្ងារជើង​កិន​ពី​លើ​ម៉ូតូ​សេ​១២៥ ដោយសារ​យុវជន​ម្នាក់​ជិះ​រ៉ឺម៉ក​ម៉ូតូ​លឿន​បត់​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ចំ​ម៉ូតូ​សេ​១២៥​ពេញទំហឹង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៤ នៅ​ចំណុច​

ខាងជើង​មជ្ឈមណ្ឌល​ម៉ូ​ឌិន​៥ ជាង​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​
​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​ប្រាប់ឲ្យដឹង​ថា មុនពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​យុវជន​ម្នាក់​បាន​បើក​ម៉ូតូ​រ៉ឺម៉ក​ដឹក​ធុង​ត្រី​មួយ​គ្រឿង ដឹក​ម្តាយ និង​បងស្រី ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ហើយ​ពេល​ដល់​ចំណុច​ខាងលើ ស្រាប់តែ​យុវជន​រូបនោះ​បាន​ទាញ​ចង្កូត​ម៉ូតូ​បត់​ឆ្វេង​ឆ្លងផ្លូវ ក្នុង​បំណង​ត្រឡប់​ថយក្រោយ ប៉ុន្តែ​ស្របពេល​ដែល​ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BU-9377 ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក៏​ត្រូវ​ភាគី​ម៉ូតូ​រ៉ឺម៉ក​បុក​ចំ​ពាក់កណ្តាល​ម៉ូតូ​របស់​នាង បណ្តាលឲ្យ​រ៉ឹម៉ក​និង ម៉ូតូ​ដួល​កិន​ពី​លើ​គ្នា​រង​ការខូចខាត​ទាំងសង្ខាង ប៉ុន្តែ​នៅក្នុង​ហេតុការណ៍​នោះ​មិន​បណ្តាលឲ្យ​ភាគី​ណា​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​នោះទេ​។​
​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ប្រាប់​បន្តថា អ្វី​ដែល​ជា​ការកត់សំគាល់ ក្រោយពី​កើតហេតុ​ភាគី​ទាំងពីរ​មិន​ព្រម​ព្យាយាម​សម្របសម្រួល​គ្នា ដើម្បី​បញ្ចប់រឿង​នោះទេ បែរ​ជា​បញ្ចេញ​កំហឹង​ដាក់គ្នា បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ចោមរោម​មើល ហេតុការណ៍ បណ្តាលឲ្យ​មាន​ការកក​ស្ទះ​ចរាច​រណ៍​នៅត្រង់​ចំណុច​កើតហេតុ​អស់​រយះពេល​ជាង​១​ម៉ោង ទើប​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​។​
​ចំពោះ​ករណី​នេះ​នគរបាល​មូលដ្ឋាន​ដែល​ចុះ​ដល់​កន្លែងកើតហេតុ​បានបញ្ជាក់​ថា ភាគី ទាំង​ពីរ​សម្រេច​ចរចារ​គ្នា បញ្ចប់រឿង​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្តង ដោយ​មិន​រំខាន​ដល់​សមត្ថ កិច្ច​យើង​ឡើយ ។ ដោយឡែក​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​បង្កឡើង​ដោយសារ​ម្ចាស់​ម៉ូតូ​រ៉ឺម៉ក​ដឹក​ធុង​ត្រី​បត់​ឆ្វេង​ឆ្លងផ្លូវ​មិន​បញ្ចេញ​ភ្លើង​សញ្ញា និង​គ្មាន​ការប្រុងប្រយ័ត្ន ទើប​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាតបង់​ពេលវេលា ក៏ដូចជា​ខូចខាត​ទ្រព្យសម្បត្តិ​ខ្លួន​ឯង​ផងដែរ​។ ដូច្នេះ​ដើម្បី​ចៀសវាង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដូចខាងលើ សូម​អ្នកបើកបរ​យាន​យន្ត​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់បំផុត​៕​

01