ធនាគារកណ្តាល របស់រុស្ស៊ី បានបញ្ជាក់ប្រាប់ អ្នករាយការណ៍ព័ត៌មាន នានាកាលពី ថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥ ថា ប្រទេសរុស្ស៊ីនឹង ខាតបង់ទឹកប្រាក់ប្រមាណ ១៦០ពាន់ លានដុល្លារសហរដ្ឋអាមេរិក ទៅលើការនាំចេញ ប្រេងនៅក្នុងមួយឆ្នាំៗ ប្រសិនបើតម្លៃរបស់វា នៅតែស្ថិត ក្នុងកម្រិតទាបបំផុត គឺ ៤៥ ដុល្លារក្នុង មួយបារ៉ែលនោះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយដោយលើកឡើងពីសម្តីរបស់លោកស្រី អ៊ែលវ៉ឺរ៉ា ណាប៊ូលីណា ប្រធានធនាគារកណ្តាលរុស្ស៊ីថា “ការធ្លាក់ចុះនៃតម្លៃប្រេង ពី ១០០ដុល្លារ ទៅកាន់ ៤៥ដុល្លារ ក្នុងមួយ បារ៉ែលនោះ បើតាមការគណនារបស់យើង វានឹងនាំឲ្យប្រាក់ ចំណូល បានមកពីការនាំចេញប្រេងនេះ ខាតបង់យ៉ាងអាក្រក់ រហូតដល់ ១៦០ពាន់លានដុល្លារ សហរដ្ឋអាមេរិក នៅក្នុងមួយឆ្នាំ។”
ប្រធានធនាគារខាងលើបន្តទៀតថា វាពិតជាការខាតបង់ដ៏ធំធេងណាស់ ហើយគ្រប់គ្នា ដឹង ហើយថា ការនាំចេញសរុបរបស់រុស្ស៊ី កន្លងមក បានគិតជាទឹកប្រាក់ប្រមាណ ៥០០ ពាន់ លានដុល្លារសហ រដ្ឋអាមេរិក ហើយការធ្លាក់ចុះនៃតម្លៃប្រេងដ៏គំហុកនេះ វានឹងផ្តល់ផល ប៉ះពាល់យ៉ាងសម្បើមដល់ ស្ថិរភាពនៃការចំណាយ ព្រមទាំងសេដ្ឋកិច្ចរុស្ស៊ីទាំងមូល។
ទោះបីជាមានការធ្លាក់ចុះនៃតម្លៃប្រេងក៏ដោយ ប៉ុន្តែអ្នកសេដ្ឋកិច្ចរុស្ស៊ីក៏បានសម្លឹងឃើញនូវ ការធ្លាក់ ចុះនៃអត្រាអតិផរណាផងដែរ ចាប់តាំងពី ខែមករា ដើមឆ្នាំ ២០១៥ នេះមក ហើយវា នឹងបន្តធ្លាក់ចុះ បន្ថែមទៀត នៅអំឡុង ៦ខែដំបូងនៃឆ្នាំ ២០១៥។
ប្រទេសរុស្ស៊ី ត្រូវបាន ក្រុម អ្នកវិភាគសេដ្ឋកិច្ច អះអាងថា នឹងគ្មានការរីកចំរើនអ្វីឡើយ សម្រាប់មហាអំណាចនេះនៅក្នុង ឆ្នាំ២០១៥ ក៏ព្រោះតែទណ្ឌ កម្មពីអាមេរិក និង អឺរ៉ុប ប៉ុន្តែវាក៏មិនមែនមានន័យថា រុស្ស៊ី មិនអាចទប់ទល់បាននោះដែរ៕