ខេត្តតាកែវ គ្រោះថ្នាក់ចរាចរណ៏ខាងលើបានកើតឡើង នៅលើផ្លូវជាតិលេខ២១បេ ចំណុចមុខហាងនំបុ័ង ហេងចេង ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
រថយន្តដែលបង្ករគ្រោះថ្នាក់ចរាចរណ៏នោះ ម៉ាកកូរ៉េទីតាន់ពណ៌ស ចំណុះ១តោនកន្លះដឹកអង្ករពេញប្រៀប ពាក់ស្លាកលេខ០៣៩០ ភ.ព២។ ចំណែកជនរងគ្រោះជាអ្នកជិះកង់ឈ្មោះ សាន់ សុខលាង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិពារាម ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។
តាមអ្នកដែលបានឃើញហេតុការណ៏បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ អ្នកជិះ កង់ជិះតាមបណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីត្បូងទៅជើងឆ្ពោះទៅកាន់ក្រុងតាខ្មៅ រំពេចនោះស្រាប់តែរថយន្តខាងលើ ដែលបើកបរក្នុងបរក្នុងទិសដៅស្របគ្នា បានមកបុកចំពេញទំហឹងពីក្រោយបង្ករឲ្យអ្នកជិះកង់ ធ្លាក់ចូលទៅក្រោមរថយន្ត ហើយរងរបួសជាទម្ងន់។ បន្ទាប់ពីបានដឹងខ្លួនថាបើកបុកមនុស្សហើយ ក៏បន្ថែមល្បឿនទៅមុខប្រមាណជា៥០០ម៉ែត្រ រួចក៏ឈប់រថយន្តនាំគ្នារត់គេចខ្លួនបាត់។
អ្នកឃើញហេតុការនិយាយាថា ជនរងគ្រោះខាងលើពិតជាសំណាងណាស់ ព្រោះត្រូវរថយន្តបុកចំពេញទំហឹងពីក្រោយ ចូលក្រោមរថយន្តហើយតែមិនបង្ករគ្រោះថ្នាក់ដល់ជីវិត គ្រាន់តែរង របួសធ្ងន់ត្រូវគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ។ ចំណែករថយន្តបង្ករហេតុត្រូវបានសមត្ថកិច្ច អូសទៅរក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅ រង់ចាំម្ចាស់មកដោះស្រាយតាមក្រោយ៕




































