កំពង់ធំៈ រថយន្តកាម៉ារីមួយគ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូន បទល្មើសឈើប្រណិត ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានជាប់អន្ទាក់សមត្ថកិច្ច ប៉ូលិសសេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តកំពង់ធ ក្រោម ការបញ្ជារបស់លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ និងត្រូវបានក្របួចជនសង្ស័យ២នាក់ដែលជាម្ចាស់រថយន្ត ។
សកម្មភាពការស្ទាក់ចាប់រថយន្តដឹកបទល្មើស ឈើប្រណិតដោយគ្មានការអនុញ្ញាតិនេះ ត្រូវបានធ្វើឡើងនៅ វេលាម៉ោង ២.១០នាទីយប់ឈានចូលថ្ងៃទី៥ ខែ កុម្ភះ ឆ្នាំ ២០១៥ នៅចំនុច ភូមិបាល្ល័ងលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ចាប់បានរថយន្តកាម៉ារី សេរីឆ្នាំ ៩២ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ២,A ០១៩៨ ព្រមទាំងមនុស្ស២នាក់ ទី១ឈ្មោះ លៀវ វណ្ណះ ភេទ ប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ ឡអិដ្ឋ សង្កាត់ កំពង់ប្រណាក់ ខេត្តព្រះវិហារ ទី២ឈ្មោះរុង សួសសុគន្ធី ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិអង្គកែវ សង្កាត់ ចោមចៅ រាជធានី ភ្នំពេញ ព្រមទាំងវត្ថុតាងមានឈើ ធ្នុង ១៦ដុំ មុខ១២ ប្រវែង ១ម៉ែត្រ ។
ក្រោយពីចាប់ឃាត់រថយន្តដឹកឈើប្រណិតរួច ត្រូវបានបញ្ជូនទៅកាន់សមត្ថកិច្ចមេព្រៃដើម្បីរក្សាទុក រងចាំឲ្យ ភាគីរថយន្តចូលខ្លួនមកដោះស្រាយដោយសន្តិវិធី ក្នុងរយះពេលមួយខែ បើសិនជាករណី គ្មានភាគីរថយន្ត ចូលមកដោះស្រាយនោះទេ នឹងសមត្ថកិច្ចជំនាញបញ្ជូនសំណុំរឿង ទៅតុលាការ ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីសភាពការដឹកជញ្ជូនបទល្មើសឈើប្រណិត ឆ្លងកាត់ខេត្តកំពង់ធំ បានស្ងប់ ស្ងាត់មួយរយះកាលនេះមក ឥឡូវកំពុងតែចាប់ផ្តើមធ្វើសកម្មភាពសារជាថ្មី ក្នុងនោះគេសង្កេតឃើញថា មេ ព្រៃពុំទាន់បញ្ជេញសកម្មភាពឲ្យបានឃើញ ពីស្នាដៃនៅឡើយនោះទេ ។
ដោយ ផន សុជាតិ