ខេត្តក្រចេះ៖ មន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ នេះ បានបញ្ជូនខ្លួនបុរសជាម្ចាស់រថយន្តដឹកឈើសេរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ(ខេមរភូមិន្ទ) ដែលមានផ្ទុកឈើប្រណិតខុសច្បាប់ ជាងមួយម៉ែត្រគូប ទៅសាលាដំបូងខេត្ត ដោយចោទប្រកាន់ពីបទ(ប្រមូលនិងដឹកជញ្ជូនប្រភេទឈើមានដោយកម្រ)បន្ទាប់ពីឃាត់ខ្លួន
យកមកសាកសួរអស់រយៈពេលមួយថ្ងៃរួចមក។ បុរសជាឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ និងបានប្រើស្បែកដោយប្រើប្រាស់រថយន្ត ពាក់ស្លាកលេខ ខេមរភូមិន្ទ ម្នាក់នេះឈ្មោះ ម៉េង ធី អាយុ២៩ឆ្នាំ មានទីលំនៅភូមិដីលើ ឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
នាយសង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ លោក ប៉ុក វណ្ណា បានឱ្យដឹងថា ឈើប្រណិតជាងមួយម៉ែត្រគូប រួមនិងរថយន្តេរីទំនើបម៉ាក ESCALED ពាក់ស្លាកលេខ ខេមរភូមិន្ទ 04 2- 1093 មួយគ្រឿងនេះ គឺត្រូវកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ដឹកនាំដោយ គណះបញ្ជាការឯកភាពស្រុក ធ្វើការចាប់បង្ក្រាប បានកាលពីយប់រំលងអាធ្រាត ថ្ងៃទី0៣ ខែកុម្ភះ នៅចំណុច ភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ជាមួយនិងការចុះចង្ក្រាប ការដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ របស់កម្លាំងចម្រុះនាយប់នោះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួន បុសជាម្ចាស់រថយន្តរួមនិងឈើប្រណិតខុសច្បាប់ជាងមួយម៉ែត្រគូប ហើយនាំមករក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើជ្រោយបន្ទាយ ទាំងយប់ដើម្បី កសាងសំណុំរឿងចាត់ការបន្តរតាមនិតិវិធីច្បាប់ ។
ប្រភពបានឱ្យដឹងថា រថយន្តដឹកឈើសេរីទំនើប ហើយបានប្រើប្រាស់ស្លាកលេខ ខេមរភូមិន្ទ មួយគ្រឿងនេះ គឺបានធ្វើការដឹកជញ្ជូនឈើប្រណិតខុសច្បាប់ជាច្រើនខែមកហើយ។ហើយឈើទាំងនេះគឺឈ្មួញឈ្មោះ ម៉េង ធី បានដឹកចេញពីស្រុកព្រែកប្រសព្វ តាមផ្លូវលំមួយ តាមជួរមាត់ទន្លេរ បម្រុងនាំឆ្ពោះ យកទៅលក់នៅខេត្តកំពង់ចាម។
ប្រភពបានឱ្យដឹងថា ឈ្មួញឈើម្នាក់នេះ គឺជាសាច់ញ្ញាត្តិ របស់មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុង ខេត្តក្រចេះ ហើយឈ្មួញម្នាក់នេះ បានប្រើប្រាស់រថយន្តរបស់ខ្លួន ពាក់ស្លាកលេខ ខេមរភូមិមិន្ទ ទៅប្រកបរបរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ និងបានអំនួតខ្លួនថា គ្មានអ្នកណាហ៊ានប៉ះពាល់នោះទេ ។
ពលរដ្ឋនៅក្នុងស្រុកព្រែកប្រសព្វ បានអរសាទរចំពោះចំណាត់ការ របស់កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រែកប្រសព្វ រួម និងសមត្ថកិច្ចពាក់ពន្ឋ័ ដែលបានធ្វើការង្ក្រាបបទល្មើសនៃការដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ហើយចាប់បានទាំងអ្នកប្រព្រត្តិទៀត ដោយក្នុងនោះមន្ត្រីរាជការម្នាក់និយាយថា រាប់ឆ្នាំមកហើយករណីបង្ក្រាបបទល្មើសព្រៃឈើម្តងៗ ភាគច្រើនគេមិនដែលឃើញជំនាញ ចាប់ឃាត់ខ្លួន ជនជាអ្នកប្រព្រត្តិនោះទេ គឺចាប់យកតែឈើនិងរថយន្តប៉ុណ្ណោះ ហើយបានកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ដោយដាក់ថា ជាអញ្ញាត្តិជនតែប៉ុណ្ណោះ ៕ ដោយ ខាន់ សុខឃីន



































