អគ្គលេខាធិការ នៃអង្គការសប្រជាជាតិ លោក បាន គីមូន បានថ្លែងពីអារម្មណ៍ ផ្ទាល់ខ្លួនរបស់ លោកថា លោកនៅតែមានការព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពនៅតំបន់ ភាគខាងកើតអ៊ុយក្រែន និង បានគូសបញ្ជាក់ជាថ្មី ពីការអំពាវនាវរបស់លោកឲ្យ មានបទ ឈប់បាញ់គ្នាជានិរន្ដមួយ និងបង្កើតកិច្ចចរចាការទូត និងនយោបាយជាបន្ទាន់។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ នេះដោយដកស្រង់ ប្រភពពីអ្នកនាំពាក្យលោកបាន គីមូន ឲ្យដឹងថា អ្វីដែលលោកព្រួយបារម្ភបំផុត នោះគឺសម្រាប់ ជនស៊ីវិលដែលគ្មានទីជំរក និងគ្មានសេវាថែទាំសុខភាព នៅក្នុងទីក្រុង និងតំបន់ផ្សេងទៀត ដែលកំពុងគ្របដណ្តប់ដោយសង្គ្រាម។
ការបន្ដប្រយុទ្ធ គ្នារបស់ក្រុមឧទ្ទាម បានបង្កឲ្យមានជនស៊ីវិល ស្លាប់ជារៀងរាល់ថ្ងៃ លោកបាន ថ្កោលទោសយ៉ាងធ្ងន់ ចំពោះសកម្មភាពនេះ និងសូមអំពាវនាវឲ្យភាគីទាំងពីរ ដកកងទ័ព រៀងៗខ្លួនឲ្យបានឆាប់រហ័ស ចេញពីតំបន់ ដែលមានជនស៊ីវិលរស់នៅច្រើន។
នៅតំបន់ភាគខាងកើតអ៊ុយក្រែន ជាទីលានប្រយុទ្ធគ្នាយ៉ាងតានតឹង រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុម ឧទ្ទាមបំបែករដ្ឋ នៅចំណុចទីក្រុងដូណេតស៍ និងលូហានស៍ ដែលក្រុមឧទ្ទាម ព្យាយាមឡោមព័ន្ធទាហាន អ៊ុយក្រែន។ លោក បាន គីមូន មានគោលជំហរចង់ឲ្យសហគមន៍ អន្ដរជាតិគាំទ្រនូវសំណើនេះ ដើម្បីនាំយកសន្ដិសុខ និងកិច្ចសហប្រតិបត្តិការ នៅអឺរ៉ុបសម្រាប់ ការជឿជាក់គ្នាជាបណ្ដោះអាសន្ន ហើយជម្លៀសជនស៊ីវិលចេញពីតំបន់មានជម្លោះ៕