ចិន​បារម្ភ​ចំពោះ​ការដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល THAAD នៅ​កូរ៉េខាងត្បូង​

0

​ក្រសួង​ការពារ​ប្រទេស​កូរ៉េខាងត្បូង ឱ្យដឹង​កាលពី​ថ្ងៃទី​៥ កុម្ភៈ ថា រដ្ឋមន្ត្រី​ការពារ​ប្រទេស​ចិន លោក Chang Wanquan និយាយថា លោក​មានការ​បារម្ភ​ចំពោះ​ការដាក់​ពង្រាយ​ជាយថាហេតុ​នូវ​ប្រព័ន្ធ​មី​ស៊ី​ល THAAD អាមេរិក នៅ​កូរ៉េខាងត្បូង ដែល​ប្រព័ន្ធ​នេះ​ជា​ផ្នែក​មួយ នៃ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​សុ​ី​ល​បាលី​ស្ទិ​ក​អាមេរិក ។​s5

​លោក Kim Min Seok អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​កូរ៉េខាងត្បូង ថ្លែងថា រដ្ឋមន្ត្រី​ការពារ​ប្រទេស​ចិន លោក Chang Wanquan អះអាងថា លោក​មានការ​បារម្ភ​ចំពោះ​លទ្ធភាព​នៃ​ការដាក់​ពង្រាយ​ប្រព័ន្ធ Thaad (Terminal High Alittude Area Defense) នៅ​ឧបទ្វីប​កូរ៉េ ។ លោក Chang បាន​ជួបពិភាក្សា​កាលពី​ថ្ងៃទី​៤ កុម្ភៈ ជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​កូរ៉េខាងត្បូង លោក Han Min Koo នៅ​ក្រុង​សេ​អ៊ូ​ល ។​

​អ្នកនាំពាក្យ​រូបនោះ​បន្តថា ជាការ​ឆ្លើយតប​វិញ លោក Han អះអាង​ជាថ្មី​ថា ក្រុង​វ៉ាស៊ីនតោន នៅ​ពុំទាន់​ធ្វើការ​សម្រេច​អ្វី​លើ​បញ្ហា​នេះ​នៅឡើយ រួច​ក៏​ពុំបាន​ស្នើ​ដល់​កូរ៉េខាងត្បូង​ដែរ ។ ពុំមាន​កិច្ចព្រមព្រៀង​ណាមួយ រវាង​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន លើ​ចំណុច​នេះឡើយ ។ លោក​បន្តថា ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក មាន​ទិសដៅ​តែ​បង្ការ និង​ប្រឆាំង​បណ្តា​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ប៉ុណ្ណោះ ។​s4

​អ្នកនាំពាក្យ ក្រសួងការបរទេស​កូរ៉េខាងត្បូង គូសបញ្ជាក់ថា កូរ៉េខាងត្បូង និង​ចិន បាន​ព្រមព្រៀងគ្នា​បង្កើត​ខ្សែ​គមនាគមន៍​ដោយផ្ទាល់​មួយ ឱ្យបាន​ឆាប់រហ័ស​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ខាង​យោធា រវាង​ប្រទេស​ទាំង​២ ។ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ខាង​យោធា ប្រទេស​ទាំងពីរ​នឹង​រៀបចំ​ធ្វើ​កិច្ចប្រជុំ​ការងារ​មួយនា​សប្តាហ៍​ខាង មុខ​នេះ ។ យើង​មានបំណង​បើក​ខ្សែ​គមនាគមន៍​ដោយផ្ទាល់​នេះ យ៉ាងយូរបំផុត​ក្នុងឆ្នាំនេះ​តែម្តង ។​s3

​ប្រទេស​កូរ៉េខាងត្បូង នឹងធ្វើ​មាតុភូមិនិវត្តន៍​បណ្តា​អដ្ឋិធាតុ​ទាហាន​ចិន ដែល​ស្លាប់​កាលពី​សម័យ​សង្គ្រាម​កូរ៉េ ដែល​នេះ​ជា​កាយវិការ​បង្ហាញ​ពី​មិត្តភាព​រវាង​អតីត​គូសត្រូវ​គ្នា​ទាំង​២ នេះ ។ ទាហាន​ចិន​ដល់​ទៅ​ជាង​១​លាន​នាក់​បាន​ស្លាប់ ក្នុង​សង្គ្រាម​រយៈពេល​៣​ឆ្នាំ ពី​ឆ្នាំ​១៩៥០ ដល់​១៩៥៣ ៕s2