កំពង់ឆ្នាំង៖ក្រោយពីអាជ្ញាធរស្រុកជលគីរីបានផ្សព្វផ្សាយសេចក្តីណែនាំលេខ០៩ ស.ជ.ណ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ របស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ស្តីពីការចាត់វិធានការណ៍លុបបំបាត់ ឧប ករណ៍ឆក់ត្រីរួចមកអាំងវែកទ័រឆក់ត្រីចំនួន១២៣គ្រឿងត្រូវបានប្រជាពលរដ្ឋស្ម័គចិត្តប្រគល់ជូន អោយអាជ្ញាធរស្រុកជលគីរី តែឧបករណ៍ឆក់ត្រីរបស់ប្រជាពលរដ្ឋមួយចំនួនធំទៀតនៅលាក់លៀមមិនទាន់បាន ប្រគល់អោយនៅឡើយ។
លោក យិន សាវ៉េន អភិបាលនៃគណៈអភិបាលស្រុកជលគីរីនិយាយអោយដឹងតាមទូរស័ព្ទ នៅ ម៉ោង១១និង១០នាទីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា៖ក្នុងការចាត់វិធានការណ៍លុបបំបាត់ឧបករណ៍ ឆក់ត្រីតាមសេចក្តីណែនាំលេខ០៩របស់ឯកឧត្តមអភិបាលខេត្ត អាជ្ញាធរស្រុកបានចាត់វិធានការណ៍ គឺការចុះផ្សព្វផ្សាយក្នុងវេទិកាគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលបានធ្វើរួចចំនួន២០លើកលើ២៦ភូមិ មានអ្នកចូលរួមចំនួន៩០២នាក់ និងបានចុះចែកសេចក្តីណែនាំជូនប្រជាពលរដ្ឋតាមផ្ទះ និងមុខសញ្ញាឆក់ត្រីចំនួន៣.១២៥សន្លឹក។
ក្នុងនោះដែរលោកបានអោយនគរបាលប៉ុស្តិរដ្ឋបាលសហការជាមួយសមត្ថកិច្ចជំនាញជលផល ចុះស្រង់មុខសញ្ញាដែលមានឧបករណ៍ឆក់ត្រី មាន២៨៧នាក់ ក្នុងនោះមានឃុំព្រៃគ្រីមាន២៤មុខសញ្ញា ឃុំកោះថ្កូវមាន៧៦មុខសញ្ញា ឃុំពាមឆ្កោក១២០មុខសញ្ញា ឃុំកំពង់អុស២៣មុខសញ្ញា ឃុំជលសាមាន៤៤មុខសញ្ញា។
ក្រោយពីអាជ្ញាធរស្រុកបានអនុវត្តចលនាប្រជាពលរដ្ឋតាមខ្លឹមសាលិខិតនែនាំដែលបានចែកជូន រួចមក អាំងវែកទ័រឆក់ត្រីចំនួន១២៣គ្រឿង ត្រូវបានប្រជាពលរដ្ឋក្នុង៤ឃុំ ស្ម័គចិត្តយកមកប្រគល់ជូន អាជ្ញាធរ និង សមត្ថកិច្ចរបស់ស្រុកជលគីរី។
លោកអភិបាលស្រុកបានបញ្ជាក់អោយដឹងទៀតថា៖នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរី បានបើកកិច្ចប្រជុំមួយដើម្បីបូកសរុប និងលើកវិធានការសំរាប់អនុវត្តបន្ត ទី១គឺគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវប្រើប្រាស់កំលាំងសរុប វិធានការណ៍សរុប មធ្យោបាយសរុបដោយសហការជាមួយកំលាំងទាំំងអស់ដែលនៅក្នុងស្រុកបន្តអនុវត្តអោយបានខ្លាំងក្លា និងផុលផុសតាមសេចក្តីណែនាំលេខ០៩របស់លោកអភិបាលខេត្ត។ទី២គឺត្រូវចុះជួបមុខសញ្ញា ផ្ទាល់ដល់ផ្ទះតែម្តងនិងធ្វើកិច្ចសន្យាអោយបញ្ឈប់ការប្រព្រឹត្តបទល្មើសនេសាទទី៣គឺត្រូវប្រើវិធានការណ៍ឃ្លាំមើលទាំងមុខសញ្ញាដែលបានប្រគល់អោយហើយនិងមុខសញ្ញាដែលកំពុងលាក់ទុកឧបករណ៍ឆក់។
វិធានការណ៍ទាំង៣ចំណុចខាងលើនេះ អាជ្ញាធរស្រុកនឹងបន្តអនុវត្តចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៥ នឹងធ្វើការបូកសរុបម្តងទៀត ដើម្បីដឹងថាតើការស្ម័គចិត្តរបស់ប្រជាពលរដ្ឋក្នុងការ ប្រគល់នូវឧបករណ៍ល្មើសនេះបានប៉ុន្មានភាគរយ ហើយអ្នកដែលកំពុងប្រព្រឹត្តនូវបទល្មើសឆក់នេះ នឹង ត្រូវ ទទួលទោសតាមបញ្ញត្តិច្បាប់ជាប់គុកពី១ឆ្នាំដល់៣ឆ្នាំ ព្រោះថាបទល្មើសឆក់ត្រីនេះ ធ្វើអោយ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពូជមច្ឆាជាតិព្រមទាំងអាចគ្រោះថ្នាក់ដល់ជីវិតមនុស្សក្នុងមូលដ្ឋានទៀតផង៕



































