សៀមរាប : ផ្តើមចេញពីគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា និង យុទ្ធសាស្ត្រកំណែទម្រង់កងកម្លាំងនគរបាលជាតិ ក្នុងការរៀបចំរចនាសម្ព័ន្ធក្របខ័ណមន្ត្រីនគរបាលជាតិ ឲ្យមានចំនួនសមស្រប និង ការកសាងធនធានមនុស្ស ក្នុងជួរកងកម្លាំងនគរបាលជាតិ ឲ្យមានជំនាញវិជ្ជាជីវៈពិតប្រាកដនោះ សាលានគរបាលជាតិភូមិភាគ៤ ដែលមានទីទាំងនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បានដំណើរការវគ្គបណ្តុះបណ្តាលកម្រឹតបឋម វិជ្ជាជីវៈនគរបាល សម្រាប់បេក្ខជនជ្រើសរើសថ្មី ចំនួន១៨៤នាក់ឲ្យចូលបំរើការងារក្នុងក្របខ័ណនគរបាលជាតិ ឆ្នាំ ២០១៤ ។
លោកវរសេនីយឯក ហុង ណារ៉ុង នាយកសាលានគរបាលជាតិភូមិភាគ៤ បានរាយការណ៍ឲ្យដឹង នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ នៅក្នុងឱកាសដែល ឯកឩត្តម ឧត្តមសេនីយ៍ឯក ស្វាយ ចាន់ដា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាម ដោយបញ្ជាក់ថា ៖ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ខែ ដោយបានបើកដំណើរការ កាលពីថ្ងៃទី១២ ខែមករា គ្រោងនឹងបញ្ចប់នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥ មានសិក្ខាកាមសរុប ១៨៤នាក់ ក្នុងនេះមានសិក្ខាកាមជានារីចំនួន ២៣នាក់ ហើយសិក្ខាកាមទាំងអស់នេះ មកពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពង់ធំ ព្រះវិហារនិងឧត្តរមានជ័យ។
លោកនាយកសាលា ក៏បានបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលដូចគ្នានេះ កាលពីខែមុន ដែលត្រូវបានបញ្ចប់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ សាលាបានបណ្តុះបណ្តាល ជ្រើសរើសបេក្ខជនថ្មី ឲ្យចូលបំរើការងារក្នុងក្របខ័ណមន្ត្រីនគរបាលជាតិឆ្នាំ២០១៤ បានចំនួន ១៨៥នាក់ រួចមកហើយ ។
ឯកឩត្តម ឧត្តមសេនីយ៍ឯក ស្វាយ ចាន់ដា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងនៅសាលានគរបាលជាតិភូមិភាគ៤ ក្នុងឱកាសសំណោះណាលជាមួយសិក្ខាកាមចំនួន ១៨៤នាក់ ដោយបញ្ជាក់ថា៖ អស់រយៈពេល ៣៦ឆ្នាំ ក្រោយពីការរស់ឡើងវិញនៃប្រជាជាតិកម្ពុជា រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិ ឈានមកដល់ដំណាក់កាលនៃកិច្ចកំពុងអភិវឌ្ឃន៍ ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ៖ ៣៦ឆ្នាំកន្លងមកនេះ យើងមិនត្រឹមតែបានចំណាយពេលវេលាដើម្បីកសាងសន្តិភាព និង ការអភិវឌ្ឍន៍ប្រទេសជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែ យើងក៏ត្រូវបានប្រើប្រាស់ធនធានមនុស្សផងដែរ ដែលមកដល់បច្ចុប្បន្ននេះ ពេលវេលា ត្រូវបានជម្រុញឲ្យរាជរដ្ឋាភិបាល ដាក់ចេញនូវបរិបទ បន្តវេន ដែលផ្តោតជាសំខាន់ដល់ការងារបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព មានតម្លៃជាទំពាំងស្នងឬស្សី ក្នុងនេះ
បណ្ឌិត្យសភានគរបាលកម្ពុជា បានបង្ហាញនូវផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ខ្លួន ( ២០១៥- ២០១៩ ) ដោយឈរលើមូលដ្ឋាន បំពេញតួនាទីជាសេនាធិការជួនក្រសួងមហាផ្ទៃ កសាងផែនការបណ្តុះបណ្តាល បំពាក់បំប៉ន ជូនដល់កងកម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ឲ្យមានសមត្ថភាពបំពេញភារកិច្ច គោរពសិទ្ធិមនុស្ស រក្សាសន្តិសុខសណ្តាប់សង្គម និង បំរើសេវាជូនប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវ និង ស្មោះត្រង់ ៕ លោក ខេង ខេមរា



































