កំពង់ឆ្នាំង៖ ផ្ទះតូចមួយខ្នងធ្វើពីឈើប្រក់និងបាំងជញ្ជាំស្លឹក ត្រូវបានអគ្គីភ័យឆាបឆេះសល់តែផេះ ខណៈដែលបុរសមានវ័យចំណាស់ជាម្ចាស់ផ្ទះ ដាំបាយចោលមិនប្រយ័ត្នរាលឆេះផ្ទះ។គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៥ នៅភូមិជើងខ្នា ឃុំពន្លៃ ស្រុកបរិ បូណ៌ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖បុរសជាម្ចាស់ផ្ទះនេះមាន ឈ្មោះ ទុយ ម៉ោល អាយុ៨៤ឆ្នាំ ប្រពន្ឋឈ្មោះ អ៊ុក ចាន់ណាន អាយុ៣៤ឆ្នាំ ទាំង២នាក់ប្តីប្រពន្ឋជាជនក្រីក្រគ្មានដីរស់នៅទេ បានម្ចាស់ដីឈ្មោះ សួន ស្រីមុំ អោយដីសង់កូនផ្ទះស្នាក់នៅបណ្តោះអាសន្ន មានទំហំទទឹង៣ម៉ែត្រគុណនិង៤,៥០ម៉ែត្រ ធ្វើអំពីឈើ ក្រាលរនាបឬស្សី ប្រក់និងបាំងជញ្ជាំងស្លឹក។
មុនពេលកើតហេតុ បុរសចំណាស់ជាប្តី ដែលភ្នែកមើលងងឹតមិនសូវភ្លឺ បានដាំបាយលើផ្ទះដាក់ចោលនិងបានប្រាស់ដេកលក់នៅលើផ្ទះ ពេលនោះភ្លើងចង្ក្រានបានរាលឆេះដល់ជញ្ជាំងស្លឹកនិងរាលដាលឆេះផ្ទះទាំងមូលក្តៅដល់រូបគាត់ ទើបគាត់ដឹងនិងបានរត់ចុះពីលើផ្ទះមកដីទាន់ពេលវេលា តែរបស់ទ្រព្យនៅលើផ្ទះមានតែអង្ករជាង១០គីឡូ និងខោអាវ១០កំប្លេ ត្រូវបានព្រះអគ្គីឆេះម៉ត់នៅសល់តែផេះ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងទៀតថា៖គ្រួសារខាងក្រីក្រខ្លាំងណាស់ ប្តីជាមនុស្សចាស់មានប្រពន្ឋក្មេងមានសេចក្តីសុខណាស់តែមិនសូវចេះរកស៊ីអ្វីនោះទេព្រោះតែក្រគ្មានដើមទុន បន្ទាប់ពីភ្លើងឆេះផ្ទះតូចនេះទៅ ពួកគាត់គ្មានអ្វីពឹងពាក់ស្នាក់នៅទៀតឡើយ ពេលនេះលោកមេភូមិនិងអ្នកស្រុកកំពុងដើររៃអង្គាសគ្នារកស្បៀងអាហារមួយចំនួន ស្លឹកនិងឈើ ដើម្បីជួយសង់កូនខ្ទមតូចមួយអោយពួកគាត់រស់នៅបណ្តោះអាសន្នឡើងវិញ៕


































