សាលាខេត្តបន្ទាយមានជ័យ សាលាស្រុកព្រះនេត្រព្រះ និង ស្ថាប័នពាក់ព័ន្ធ អង្គការកូត្រាកូរ៉េ បានសហការគ្នារៀបចំពិធីបុណ្យ និងការតាំងពិព័រណ៍ពាណិជ្ជកម្ម មានសិល្ប:បុរាណ សម័យ ដើម្បីញុំងអោយកម្មវិធីប្រព្រឹត្តទៅ ប្រកបដោយបរិយាកាស អធឹកអធម និងសប្បាយរីករាយ។
ពិធីបានប្រារព្ធ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅជាប់ផ្លូវជាតិលេខ៦ នៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ដែលមានការចូលរួមពីសំណាក់ ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមគោស៊ុំ សារឿតអភិបាលខេត្ត និងអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ភាគីកូរ៉េ និងប្រជាពលរដ្ឋ រាប់រយនាក់ចូលរួមក្នុងពិធីនេះ។
លោក ចន មីហូ នាយកទីភ្នាក់ងារជម្រុញ ផ្សព្វផ្សាយពាណិជ្ជកម្ម និងវិនិយោគ (KOTRA: Korea Trade-Investment Promotion Agency) នៃស្ថានទូតកូរ៉េ ប្រចាំកម្ពុជា បានថ្លែងថា: ប្រជាពលរដ្ឋ ពិសេសកសិករ យល់ដឹងនិងទាញផលប្រយោជន៍ ពីស្រែស្រូវ ទឹកដី អោយអស់ ក្នុងនោះ សូម្បីចំបើង ក៏កុំមើលស្រាល ហើយខំប្រើប្រាស់កែច្នៃ ជារបស់ដែលមាន សារៈប្រយោជន៍ទាំងអស់។ សូមកុំដុតចោលចំបើង កុំទុកចំបើងថា អត់ប្រយោជន៍ ក្រោយពីប្រមូលផលស្រូវរួច ។
លោកបានបន្តថា យើងបង្កើតបុណ្យ ចំបើងអន្តរជាតិ លើកដំបូង នៅខេត្តបន្ទាយមានជ័យ គឺដើម្បីបង្ហាញពីសារ:សំខាន់ នៃស្រូវ ជីវិត វប្បធម៌ (Rice Life Culture)។
ឯកឧត្ដមគោស៊ុំ សារឿត អភិបាលខេត្ត បានមានប្រសាសន៍ថា: ពិធីបុណ្យនេះ ធ្វើឡើងស្របពេល មានការរីកចម្រើន វិស័យទេសចរណ៍នៅកម្ពុជា និងពិភពលោក ក្នុងនោះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ សន្និសីទពិភពលោកទេសចរណ៍ និងវប្បធម៌ មានជិត ១០០ ប្រទេស បានមកចូលរួម ដែលសន្និសីទនេះ បានប្រព្រឹត្ត កាលពីថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០១៥ នាខេត្តសៀមរាប ជាប់នឹងខេត្តបន្ទាយមានជ័យ។
ឯកឧត្ដមគោស៊ុំ សារឿត បានបន្តថា ចំពោះថវិការកបាន ពីភ្ញៀវបរទេស ចូលទស្សនាពិធីបុណ្យនេះ នឹងយកទៅជួយ ជនរងគ្រោះដោយទឹកជំនន់ ជួយបង្កាទឹកជំនន់ និងជួយផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរណ៍ អោយមកទស្សនាប្រទេសកម្ពុជា ក៏ដូចជា ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា: ចំបើង ដែលត្រូវប្រើ ក្នុងពិធីបុណ្យនេះ មានចំនួន ២៧ តោន សម្រាប់រៀបចំកសាងជាផ្ទះ ជាសំណង់ពីចំបើងនានា ។ ក្នុងនោះ មានកសាងជាផ្លូវវង្វេង សម្រាប់កូនក្មេង ៥០ ម៉ែត្រគុណ ៥០ ម៉ែត្រ និងផ្លូវវង្វេង សម្រាប់មនុស្សធំ ប្រវែង ១០០ម៉ែត្រគុណ៥០ម៉ែត្រ ដើម្បីជម្រុញអោយពួកគេ ខិតខំមានប្រាជ្ញាឆ្លាតវាងវៃផង ៕



































