ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ មហាមិត្ដចិននូវតែជាដៃគូរជាមួយប្រទេស កម្ពុជា លើផ្នែកជំនួយ ហិរញ្ញប្បទាន ដែលជាជំនួយឥតសំណង និងជាឥណទានគ្មានការប្រាក់ មកឲ្យកម្ពុជា ដើម្បីកម្ពុជាមានលទ្ធភាព ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសង្គម វប្បធម៌ និងវិស័យផ្សេងៗទៀត រហូតដល់សព្វថ្ងៃនេះ។លោកស្រីម៉ែន សំអន បានបញ្ជាក់ បែបនេះ នៅក្នុងជំនួប និងពិភាក្សាការងារ ជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃខេត្ត យូណាន ប្រទេសចិន ដែលដឹកនាំ ដោយលោក ហ្ស័រ ជីន(ZHOA JIN ) រដ្ឋមន្ត្រីផ្នែកឃោសនានៃគណៈកម្មាធិការបក្សកុម្មុយនីស្ត ខេត្ត យូណាន និងជាប្រធាន សមាគមផ្លាស់ប្តូរ វប្បធម៌ក្រៅប្រទេស កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីស្តីការក្រសួង ទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។
លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ លើផ្នែកជំនួយនេះ ប្រទេសចិន ក៏បានជួយលើផ្នែកអភិវឌ្ឍន៍ ធនធានមនុស្ស ការផ្តល់ជំនួយលើផ្នែកសម្ភារៈ ជំនួយលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មានស្ពាន ថ្នល់ និងបណ្តាហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ជាច្រើនទៀតនៅកម្ពុជា។ លោកស្រីបន្ដថា៖ ប្រទេសកម្ពុជា កំពុងពង្រឹង កិច្ចអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យមានការីកចម្រើនទៅមុនឥតឈប់ឈរ ពីមួយតំណាក់កាល ទៅមួយតំណាក់កាល ហើយបន្តឈានទៅដល់ចំណុចកំពូល តែក៍ពឹងផ្អែក កិច្ចសហប្រតិបត្តិការភាព ជាដៃគូរ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់តាំងពីឆ្នាំ២០១០មក កម្ពុជាក៏បានប្រកាន់ខ្ជាប់ នូវគោលនយោបាយចិនតែមួយផងដែរ ។
លើសពីនេះទៅទៀត វឌ្ឍនភាពរបស់ចិន ក៏បានជួយដល់កំណើនសេដ្ឋកិច្ចដ៏ខ្លាំងកា្លរបស់កម្ពុជាថែមទៀតផងដែរ។ តាមរយៈការវិនិយោគ របស់វិនិយោគិនចិននៅ កម្ពុជា ដែលធ្វើឲ្យសេដ្ឋកិច្ច កម្ពុជាមានកំណើនឥតឈប់ឈរ។
នៅក្នុងជំនួបនោះ លោកស្រី ម៉ែន សំអន ក៏បានអគុណ ចំពោះរាល់កិច្ចសហប្រតិបត្តិការនានាគ្រប់កម្រិត រវាងបក្ស និងបក្ស រដ្ឋ និងរដ្ឋ ប្រជាជន និងប្រជាជន ធុរកិច្ចជន ប្រកបដោយមនោសញ្ចេតនាស៊ីជម្រៅ ហើយស្មារតីនេះ ក៏នៅតែបន្តទៅមុខជាដ៏រាបផងដែរ។
លោក ហ្ស័រ ជីន( ZHOA JIN ) ក៏បានបញ្ជាក់ថា៖ ខេត្ត យូណា ប្រទេសចិន ក៏បានធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយនឹងប្រទេសកម្ពុជាផងដែរ ដោយក្នុងនោះរួមមាន វិស័យ សេដ្ឋកិច្ច និងវប្បធម៌ជាដើម ហើយការសម្តែងសិល្បៈនៅរាត្រីនេះ គឺជាការផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន និងរឹតចំណងមិត្តភាពកាន់តែស៊ីជម្រៅរបស់ប្រទេសទាំងពីរផងដែរ។ ខេត្ត យូណាន ត្រូវបានអភិវឌ្ឍន៍ ជាច្រកសេដ្ឋកិច្ចចេញចូលតំបន់ អាស៊ាន និងបានដើរតួសំខាន់នៃទំនាក់ទំនងចិន និងអាស៊ីខាងត្បូង។ ប្រទេសចិននូវ តែបន្ដកិច្ចសហប្រតិបត្ដិការដ៍ល្អជាមួយ ប្រជាជនកម្ពុជា ហើយប្រទេសចិន នូវតែបន្ដគាំទ្រ គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជារហូត ហើយចិនក៍នូវតែជាដៃគូរ ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជានិច្ចផងដែរ ។
សូមបញ្ជាក់ថា៖ ក្នុងជំនួបនេះ គណៈប្រតិភូខេត្ដយូណានចិន ក៍បានធ្វើការអញ្ជើញលោកស្រីម៉ែន សំអន ទៅចូលរួមពិពណ៌អន្ដរជាតិនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ នៅខេត្ដ យូណាន ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការ មិត្ដភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងខេត្ដយូណានប្រទេសចិនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ៕



































