គ្រាប់ផ្លោងទំហំ105មីល្លីម៉ែត្រនៅមានអានុភាពត្រូវគេប្រទះឃើញក្នុងគុម្ពសង្កែ
> បាត់ដំបង: គ្រាប់ផ្លោងមួយគ្រាប់ដែលគុណភាពវាអាចសំលាប់ជីវិតមនុស្សបានត្រូវបានគេប្រទះឃើញ
> កប់ក្នុងស្មៅស្ថិតនៅក្រោមគុម្ពសង្កែក្បែផ្លូវវាងក្រុង ក្នុងភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបងកាលពីថ្ងៃទី11-2-15វេលាម៉ោង10ព្រឹក ខណ:ដែលអ្នកបើកបររថយន្តម្នាក់ដើរចុះទៅបត់ជើង ។
តាមសំដីរបស់សមត្ថកិច្ចប៉ុស្តិ៍អូរចារម្នាក់បាននិយាយថា នៅព្រឹកនោះមានអ្នកបើកបររថយន្តដឹកជ្រូកម្នាក់បានមកប្រាប់ថាគេបានប្រទះឃើញគ្រាប់ផ្លោងមួយគ្រាប់យ៉ាងធំនៅក្នុងដុបសង្កែក្បែផ្លូវពេលដែលគាត់ដើរចុះទៅបត់ជើង ភ្លាមៗនោះសមត្ថកិច្ចបានរាយការទៅកំលាំងអង្គភាពCMACដើម្បីចុះទៅត្រួតពិនិត្យ និងមានចំណាត់ការទៅតាមជំនាញ ។
> លោក ហេង មួយ ប្រធានក្រុមកំទេចគ្រឿងផ្ទុះលេខ26នៃមជ្ឈមណ្ឌលកំចាត់មីនទី2
> CMACបាត់ដំបងបានលើកឡើងថាគ្រាប់នេះជាប្រភេទគ្រាប់ផ្លោងទំហំ105មីល្លីម៉ែត្រ ដោយ ក្បាលគ្រាប់នេះមានការបាក់មួយកំណាត់ ប៉ុន្តែទោះបីជាគ្រាប់នេះមានសភាពច្រេះសុី និងបាក់ក្បាលកូនជ្រូកក៏ដោយក៏គុណភាព និងអានុភាពវានៅមួយរយភាគរយគឺអាចសំលាប់មនុស្សបាន ព្រោះដុំគីបខាងក្នុងមិនអាចច្រេះសុីបានឡើយ ។លោក ហេង មួយ បានសន្និដ្ឋានថា គ្រាប់នេះគឺអាចបន្សល់មកតាំងពីអំឡុងឆ្នាំ2002
> មកម្ល៉េះដោយសារតែមានការឆេះឃ្លាំងគ្រាប់នៅចំនុចអណ្តូងចេញ ហើយធ្វើអោយគ្រាប់ផ្លោងជាច្រើនបានហោះបុើងតាមកំលាំងនៃការរុញច្រានរបស់កំលាំងផ្ទុះរបស់គ្រាប់ដទៃ ព្រោះក្រោយពេលផ្ទុះឃ្លាំងគ្រាប់នោះក្រុមការងាររបស់លោកបានដើរប្រមូលគឺមានចំងាយរហូតដល់5ទៅ6Kmឯណោះ ហើយបើគិតចំងាយពីកន្លែងដែលប្រទះឃើញគ្រាប់នេះទៅទល់នឹងឃ្លាំងដែលឆេះនោះគឺប្រហែលជិត3kmប៉ុណ្ណោះ ដែលជាការងាយបំផុតសំរាប់គ្រាប់នេះហោះមក ។
ជាចុងក្រោយលោកបានបន្ថែមថា គ្រាប់នេះគឺមិនអាចធ្វើការកំទេចនៅនឹងកន្លែងដែលប្រទះឃើញនោះបានទេ ព្រោះអានុភាពវានៅខ្លាំងណាស់ ហើយលោកក៏មិនអាចយកទៅរក្សាទុកបានដែរគឺត្រូវនាំយកទៅកំទេចចោលនៅវាលបឹងត្រាវស្ថិតក្នុងភូមិស្នឹង ព្រោះនៅទីនោះវាអាចឃ្លាតឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ថានៅពេលណាដែលពួកគាត់បានប្រទះឃើញគ្រាប់មីនឬគ្រាប់មិនទាន់ផ្ទុះគឺត្រូវរាយការជាបន្ទាន់ដល់អាជ្ញាធរឬក៏អង្គភាពCMACដើម្បីគេចាត់កំលាំងចុះទៅប្រមូលឬក៏ត្រូវកំទេចចោល ដោយមិនអាចប៉ះពាល់បានឡើយដែលវាអាចបង្កអោយមានគ្រោះថ្នាក់ដល់ជីវិតបាន ៕



































