​ទៅ​ថ្ងៃ​អនាគត​ស្ត្រី​អ្នកបំរើ​សេវា​ជំនាញ​ម៉ាស្សា នឹងមាន​អត្តសញ្ញាណ​ពិតប្រាកដ​របស់ខ្លួន នឹង​លុបបំបាត់​ចេញពី​ទស្សនៈ​អវិជ្ជមាន​ផ្សេងៗ

0

​សៀមរាប ក្រសួងទេសចរណ៍ បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សេវាកម្ម​ម៉ាស្សា​នៅក្នុង​វិស័យ​ទេសចរណ៍​ជាតិ ហើយ បុគ្គលិក​ជំនាញ​មួយ​នេះ បាន​ទទួលផល​ដោយផ្ទាល់​ពី​វិស័យ​ទេសចរណ៍​ផងដែរ ។ ដោយ​ពិនិត្យឃើញថា តាមរយៈ​នៃ​ការបំរើ​សេវាកម្ម​ម៉ាស្សា វា​គឺជា​ផលិតផល​ទេសចរណ៍​ដ៏​ពេញនិយម ក្នុងការ​សម្រួល​សុខភាព​ជូន​ភ្ញៀវទេសចរ​នោះ ក្រសួងទេសចរណ៍ ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួងសុខាភិបាល រួមទាំង​មានការ​ចូលរួម​ជួយ​ជ្រោមជ្រែង ពី​សំណាក់​ប្រធាន​អង្គភាព​ព្យាបាល​ដោយ​ចលនា​នៃ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​!11-02-2015 Massage .avi.Still006

សិក្ខាកាម​ចំនួន​១៥០​នាក់ លើ​ចំនួន​ជិត ១០០០​នាក់ ដែល​មកពី​ទីតាំង​អាជីវកម្ម​ម៉ាស្សា​ធំៗ​ប្រមាណ​ជា​៥០​កន្លែង​នៅក្នុង​ក្រុង​សៀមរាប កំពុង​ទទួលយក​នូវ​វគ្គ​បំប៉ន​ជំនាញ​ម៉ាស្សា​លើក​ទី​១ ដែល​រៀបចំឡើង​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ហើយ​វគ្គ​បំប៉ន​នេះ​ផងដែរ បានចាប់ផ្តើម​បើក​ដំណើរការ​ជា​ផ្លូវការ ក្រោម​វត្តមាន​របស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ​កន្លងទៅ និង​មាន​រយៈពេល​សិក្សា​បំប៉ន​ចំនួន​២​សប្តាហ៍ ។
លោក​ជុង សុ​ខេមរៈ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​និយាយ​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ​នេះ​ថា ៖ វា​គឺជា​ជោគជ័យ​ដែល​មិន​ស្មាន​ដល់ សម្រាប់​ការបើក​វគ្គ​បំប៉ន​ជំនាញ​ម៉ាស្សា​លើក​ទី​១​នេះ ដោយ​ពីដំបូង យើង​បាន​គិតទុក​ក្នុង​ផែនការ​នៃ​ការបើក​វគ្គ​នេះ​ជា​បន្តបន្ទាប់​ទៀត ឲ្យ​ស្ថិតនៅក្នុង​យន្តការ​នៃ​អប់រំ​អំពាវនាវ សូម​ឲ្យ​ម្ចាស់​ហាង​ម៉ាស្សា​ទាំងអស់​ចូលរួម​សហការ នឹង​ផ្តល់ឱកាស​ឲ្យ​បុគ្គលិក​របស់ខ្លួន បាន​ស្រូបយក​ចំណេះដឹង​ជំនាញ និង​ដកស្រង់យក​បទពិសោធ​ន៍ សម្រាប់​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន ឲ្យ​ក្លាយជា​អ្នកជំនាញ​ម៉ាស្សា ដែលមាន​ការទទួលស្គាល់​ក្នុង​ក​ម្រឹត​ថ្នាក់ជាតិ ដោយ​ការ​ប្រគល់ជូន​នូវ​វិញ្ញាបនបត្រ ឬ

សញ្ញាបត្រ​បច្ចេកទេស ផងដែរ ។ លោក​បានបញ្ជាក់​ក្នុង​កត្តា​ជោគជ័យ​នេះ​ថា ៖ មកទល់នឹង​ពេលនេះ គឺ​ក្នុងខណៈ​ពេលនេះ ដែល​វគ្គ​បំប៉ន​ជំនាញ​ម៉ាស្សា​លើកដំបូង​មិនទាន់បាន​បញ្ចប់​នោះ គឺមាន​ម្ចាស់​ទីតាំង​អាជីវកម្ម​ម៉ាស្សា​ជាច្រើន​កន្លែង​ទៀត បាន​សុំ​ចុះឈ្មោះ​ឲ្យ​បុគ្គលិក​របស់ខ្លួន បាន​ចូលរៀន​វគ្គ​បំប៉ន​នេះ ជា​បន្តបន្ទាប់ ។

លោក​បានបញ្ជាក់​បន្ថែម​ថា ដើម្បី​ឆ្លើយតប​ទៅនឹង​ភាពជោគជ័យ​ទាំងនេះ ក្រសួងទេសចរណ៍ បានផ្តល់​លទ្ធភាព​ឲ្យ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប អនុវត្តតាម​យន្តការ​អនុគ្រោះ​ជាពិសេស ដោយ​ផ្តល់​អទិភាព​ជូន​ដល់ទី​តាំង​អាជីវកម្ម​ម៉ាស្សា​ទាំងឡាយណា​នៅក្នុង​ក្រុង​សៀមរាប ដែលមាន​បុគ្គលិក​ជំនាញ​ម៉ាស្សា​ចាប់ពី ៧០​នាក់​ឡើងទៅ មន្ទីរ​នឹងមាន​ដំណោះស្រាយ បញ្ជូន​គ្រូ​បង្គោល ទៅ​បើក​វគ្គ​បំប៉ន​ជូន​ដល់ទី​តាំង​អាជីវកម្ម​នោះ​ដោយផ្ទាល់ ។
លោក​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​វាយតម្លៃ​ដែរ​ថា ផ្អែក​តាម​កត្តា​ជោគជ័យ​ខាងលើនេះ ទៅ​ថ្ងៃ​អនាគត សេវាកម្ម​ម៉ាស្សា​នៅ​តំបន់​ទេសចរណ៍​អង្គរ​-​សៀមរាប មិន​ត្រឹមតែ​បាន​ក្លាយជា​ផលិតផល​រួមចំណែក​អភិវឌ្ឍន៍​វិស៍យ​ទេសចរណ៍​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​អ្នកជំនាញ​បំរើ​សេវាកម្ម​ម៉ាស្សា​ជា​ស្ត្រីភេទ នឹង​ទទួលបាន​នូវ​អត្តសញ្ញាណ​ជំនាញ​ពិតប្រាកដ​របស់ខ្លួន​ហើយ​ឈ្មោះថា ស្ត្រី​ម៉ាស្សា នឹង​ត្រូវបាន​លុបបំបាត់​ចេញពី​ទស្សនៈ​អវិជ្ជមាន​ទាំងឡាយ ផងដែរ ៕