មេដឹកនាំកំពូលរ៉ុស្ស៊ីថ្លែងថា ប្រសិនបើរដ្ឋាភិបាលអ៊ុយក្រែនជួបចចារដោយ ផ្ទាល់ជាមួយអ្នកតំណាងក្រុមបះបោរនៅភាគខាងកើត នោះលទ្ធផលសន្តិភាព នឹងស្តែងឡើងមិនខាន
ប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន បានថ្លែងថា បញ្ហាជម្លោះនៅក្នុង ប្រទេសអ៊ុយក្រែន
អាចបញ្ចប់ទៅបាន អាស្រ័យលើមធ្យោបាយតែមួយគត់ នោះគឺ ការជួបចចារគ្នាដោយផ្ទាល់រវាងមេដឹកនាំរដ្ឋាភិបាលក្រុងគៀវ និង តំណាងក្រុម បះបោរទាមទារផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែន ។
សេចក្តីថ្លែងការខាងលើ ត្រូវបានធ្វើឡើងក្នុងសន្និសិទសារព័ត៌មានរដ្ឋមួយ នាមុន ពេលមេដឹកនាំរ៉ុស្ស៊ីរូបនេះ ចេញដំណើរទៅបំពេញទស្សនកិច្ចទៅកាន់រដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប ដោយលោក ពូទីន បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងម៊ូសស្គូល ចង់បានខ្លាំងណាស់ ចំពោះដំណោះស្រាយដោយសន្តិភាពពេញលេញជុំវិញវិបត្តិ នៅក្នុងប្រទេសអ៊ុយក្រែន ដោយបញ្ហាមួយនេះ វាអាស្រ័យលើការឯកភាពនៅ ទីក្រុង មីន ប្រទេសប៊ែលឡារ៊ុស ក្នុងសប្តាហ៍នេះ ។
លោក ពូទីន បានបន្ថែមថា ពលរដ្ឋអ៊ុយក្រែនទាំងអស់ត្រូវការកិច្ចចរចាគ្នានៅលើ តុលមូល ហើយរុស្ស៊ីនឹងបន្តគាំទ្រដល់ការសម្របសម្រួល ដើម្បីឲ្យមានស្ថិរភាព និង ទំនាក់ទំនងផ្ទាល់រវាងរដ្ឋាភិបាលក្រុងគៀវ និង ក្រុមបះបោរទាមទារបង្កើតរដ្ឋ ដោយខ្លួនឯងហៅកាត់ DPR និង LPR ក្នុងប្រទេសអ៊ុយក្រែន ៕