កាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ម្ចាស់រ៉ឺម៉កដឹកជ្រូកម្នាក់បានទុករ៉ឺម៉កនិងជ្រូកចោល រត់គេចខ្លួន បន្ទាប់ពីម៉ូតូមួយគ្រឿងជិះគ្នា៣នាក់បានជិះទៅបុករ៉ឺម៉កគាត់ពីក្រោយ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចមុខវត្តតាកុល ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខណៈដែលជនរងគ្រោះទាំង៣នាក់ជិៈម៉ូតូទៅបុកកន្ទុយរ៉ឺម៉កដឹកជ្រូកពីក្រោយ ។
អធិការនគរបាលស្រុកកំពង់ត្រឡាចលោក ហ៊ុល វាសនា បានប្រាប់ថា ជនរងគ្រោះដែលជិះម៉ូតូបុករ៉ឺម៉កដឹកជ្រូកពីក្រោយនោះមាន៣នាក់ មាន១-ឈ្មោះ ស៊ីម អុលរ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ២-ឈ្មោះជា ម៉ាក់ អាយុ៣០ឆ្នាំ ភេទប្រុស និង៣-ឈ្មោះ ណា វីតា ភេទស្រី អាយុ៩ខែ ទាំង៣នាក់មានទីលំនៅភូមិច្រកល្មៀត ឃុំឈូកស ស្រុកកំពង់ត្រឡាចរងរបួសស្រាលទេនាក់ដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ។
មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងជិៈគ្នា៣នាក់ បានទៅបុកកន្ទុយរ៉ឺម៉កដឹកជ្រូកពីក្រោយ បណ្តាលអោយដួលរណូករណែលពេញថ្នល់ អ្នកបើករ៉ឺម៉កដឹកជ្រូកឃើញជនរងគ្រោះរបួសដេកដួលនៅពេញទាំងផ្លូវ ដោយស្មានថាជនរងគ្រោះបុករ៉ឺម៉កទាំនោះស្លាប់ ក៍បានបើករ៉ឺម៉កដឹកជ្រូករត់ដល់ស្ពានពោធិ រួចរុញរ៉ឺម៉កចូលព្រៃលាក់ទុកនៅទីនោះ ហើយក៍គេចខ្លួនបាត់ ។
លុះដល់ព្រឹក ឡើងថ្ងៃទី១១ ខែកុម្ភៈប្រជាពលរដ្ឋបានប្រទះឃើញ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច និងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីប្រគល់ឲ្យម្ចាស់វិញ ព្រោះសត្វជ្រូកនៅ លើរ៉ឺម៉កចំនួន៤៥ក្បាលបានងាប់អស់២ក្បាលហើយ ។
នៅពេលនេះលោកអធិការបានអំពាវនាវឲ្យម្ចាស់រ៉ឺម៉កដឹកជ្រូកមកយករ៉ឺម៉កនិងជ្រូករបស់ខ្លួនវិញ ព្រោះពេលនេះជ្រូកបានងាប់អស់២ក្បាលហើយ ។ ដោយឡែកជនរងគ្រោះក៍របួសស្រាលដែរ បើមិនមកយកទេជ្រូកនេះអាចងាប់ជាបន្តទៀត ព្រោះគ្មានអ្នកមើលថែទេ ៕