មន្ត្រីជាន់ខ្ពស់ប្រយុទ្ធប្រឆាំងនឹងអំពើភេវរកម្មសហរដ្ឋអាមេរិក បានប្រកាសព្រមាន ចំពោះការកើនឡើងការឃោសនាតាមប្រព័ន្ធអ៊ីនធើណេត របស់ពួកជ្រុលនិយមរដ្ឋ ឥស្លាម និង អំពាវនាវឱ្យរឹតបន្តឹងការគ្រប់គ្រងបណ្តាញផ្សព្វផ្សាយសង្គម ។ ការប្រកាស ព្រមាន និង ការអំពាវនាវខាងលើនេះ បានធ្វើឡើងដោយប្រធានមជ្ឈមណ្ឌលប្រយុទ្ធ ប្រឆាំងនឹងអំពើភេវរកម្មជាតិអាមេរិកលោក Nicholas Rasmussen នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការសន្តិសុខជាតិកាលពីថ្ងៃ ពុធ ម្សិល មិញនេះ ។
លោក Rasmussen បានបង្ហាញការព្រួយបារម្ភអំពីបញ្ហាកងកម្លាំងបរទេសប្រមាណ ជាង ២ ម៉ឺននាក់មកពីបណ្តាប្រទេសជិត ៩០ នៅទូទាំំងពិភពលោក នឹង ធ្វើដំណើរទៅ កាន់ប្រទេសស៊ីរី ដើម្បីចូលជាសមាជិករបស់ពួកឧទ្ទាមជ្រុលនិយម ដែលក្នុងចំនោម អ្នកទាំងអស់នោះ យ៉ាងហោចណាស់មានយុទ្ធជនប្រមាណ ៣.៤០០ នាក់ធ្វើដំណើរ មកពីសហរដ្ឋអាមេរិក និង បណ្តាប្រទេសលោកខាងលិច ។
ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងអំពើភេវរកម្មរូបនេះ បានកត់សម្គាល់ឃើញថា ក្រុមឧទ្ទាមជ្រុលនិយមជាច្រើនបាននឹងកំពុងប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម និង ការទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធើណេត ក្នុងគោលបំណងជ្រើសរើសយុទ្ធជនបន្ថែម ដើម្បីបង្កើនកងកម្លាំង និង ពង្រឹងអំណាចរបស់ពួកគេ ។
បន្ថែមលើនេះលោក Rasmussen បានស្នើឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគួរតែរឹតបន្តឹង ការត្រួតពិនិត្យទីតាំងផ្សព្វផ្សាយព័ត៌មានសកល ដើម្បីទប់ស្កាត់ការភាយសាយទស្សនៈ ញុះញុងរបស់ក្រុមឧទ្ទាមជ្រុលនិយមតាមរយៈប្រព័ន្ធអ៊ីនធើណេត ៕