យ៉ាងហោចណាស់មាន មនុស្សប្រមាណ ២ នាក់ បានស្លាប់ក្នុងទីក្រុង Donetsk បន្ទាប់ពីគ្រាប់ផ្លោងមួយធ្លាក់ត្រូវចំស្ថានីយរថយន្តក្រុងក្នុងតំបន់ នេះបើយោងតាមសេចក្តីរាយការណ៍ពីក្រុមឧទ្ទាម និង បុគ្គលិកសង្គ្រោះបន្ទាន់។
ដោយឡែក ក្រុមមន្ត្រីយោធាអ៊ុយក្រែនវិញក៏បាននិយាយដែរថា ក្រុមឧទ្ទាមបានវាយប្រហារនៅជិតទីក្រុង Debaltseve និង បានសម្លាប់ទាហានយ៉ាងហោចណាស់ ១៩នាក់ និង ៧៨ នាក់ផ្សេងទៀតបានទទួលរងរបួស។
ការប្រយុទ្ធគ្នាចុងក្រោយនេះ ត្រូវបានធ្វើឡើងស្របពេលដែលក្រុមមេដឹកនាំនៃប្រទេសអ៊ុយក្រែន រុស្ស៊ី បារាំង និង អាល្លឺម៉ង់ បានបើកកិច្ចប្រជុំសន្តិភាពរបស់ខ្លួនក្នុងប្រទេស បេឡារូស ក្នុងគោលបំណងស្វែងរកដំណោះស្រាយវិបត្តិផ្ទៃក្នុងអ៊ុយក្រែន ដែលបានសម្លាប់មនុស្សជាង ៥៣០០ នាក់ ចាប់តាំងពីខែមេសាឆ្នាំ២០១៤ កន្លងទៅនេះ។
នៅមុនពេលនៃការចាប់ផ្តើមកិច្ចចរចាក្នុងប្រទេស បេឡារូស នេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក Poroshenko បានអោយដឹងថា សន្និសីទកំពូល ដែលមានប្រទេស ៤ ចូលរួមថា គឺជាឱកាសចុងក្រោយបង្អស់មួយដើម្បីបញ្ចប់ការប្រយុទ្ធរវាងកងកម្លាំងប្រទេសរបស់លោក និង ក្រុមទាមទារបំបែករដ្ឋដែលគាំទ្រដោយប្រទេសរុស្ស៊ី ៕