សៀមរាប អដ្ឋិធាតុជនរងគ្រោះជាង ៨០០នាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានតម្កល់នៅចេតីយ ក្នុងទីវត្តទេពពោធិវង្ស ត្រូវបានធ្វើពិធីបុណ្យដង្ហែយកទៅតម្កល់នៅក្នុងចេតីយថ្មី ក្រោមព្រះវត្តមានយាននិមន្ត និង អញ្ជើញចូលរួមពី សម្តេច ព្រះអគ្គមហាសង្ឃរាជធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និង ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះសង្ឃ ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សា ខេត្ត សមាជិកក្រុមការងារថ្នាក់ជាតិ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ គរុសិស្ស សិស្សានុសិស្ស យុវជនកាយរឹទ្ធ កងកម្លាំងប្រដាប់អាវុធ សីលវន្ត័ សីលវតី និង ប្រជាពលរដ្ឋផងដែរ ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ម៉ៅ វុឌ្ឍី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង សេចក្តីរាយការណ៍របស់ព្រះគ្រូប្រាសាទរង្សី ឡាច លាង ព្រះអនុគណក្រុងសៀមរាប ក្នុងសាងសង់ព្រះចេតីយ៍ថ្មីនេះ អស់ ថវិកាសរុប ១៦ពាន់ដុល្លា ដែលជាបច្ច័យបានមកពីការធ្វើបុណ្យផ្កាប្រាក់ និង សប្បុរសជនទូទៅ ហើយត្រូវបានរៀបចំ ធ្វើពិធីដង្ហែអដ្ឋិធាតុមកតម្កល់ទុកនៅទីកន្លែងចេតីយ៍ថ្មី ព្រមទាំងធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណ ក្ខ័ន្ធដល់អដ្ឋិធាតុជនរងគ្រោះទាំងនោះទៀតផង ។ ម្យ៉ាងទៀតដោយអតីតចេតីយ៍ចាស់មានសភាពតូចចង្អៀត ព្រម ទាំងការដាក់តម្កល់អដ្ឋិធាតុមិនទាន់បានត្រឹមត្រូវ ដែលនាំឲ្យអដ្ឋិធាតុដែលជាវត្ថុតាងទាំងនេះទទួលរងការពុកផុយ។
មានសង្ឃដិកាសំណេះសំណាលនោះដែរសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេពវង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានមានបន្ទួលលើកឡើង ពីជីវប្រត្តិដ៏សែនជួចត់ ក្នុងរបបបនប្រល័យពូជ សាសន៍ ប៉ុល ពត ដែលបានធ្វើទុក្ខទោស ទារណកម្មមកលើប្រជាជនស្លូតត្រង់ អ្នកសេ្នហាជាតិ សំខាន់មកលើរូប ព្រះកាយរបស់សម្តេចសង្ឃផ្ទាល់តែម្តង និង ការបាត់បង់នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និង វិស័យព្រះពុទ្ធសាសនា។សម្តេចអគ្គមហាសង្ឃរាជក៏បានគូសបញ្ជាក់ផងដែរថា ដោយគុណបុណ្យនៃស្មារតីថ្ងៃជ័យជំនះ៧មករា១៩៧៩បានធ្វើឲ្យប្រជាជនកម្ពុជានិង ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យមានការរស់ឡើងវិញនិងមានកិច្ចអភិវឌ្ឍន៍រីកចម្រើនទៀតផង។ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ក៏បានកោតសរសើរពីស្មារតីនៃកម្លាំងសាមគ្គី ដែល បានធ្វើឲ្យទីតាំងសម្លាប់មនុស្សនៃរបប
ប្រល័យពូជសាសន៍ ប៉ុល ពត បានប្រែក្លាយទៅជាទីវត្តអារាម នៃកន្លែងទី សក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទខ្មែរយើង ។ ម្យ៉ាងទៀតទីកន្លែងតម្កល់អដ្ឋិធាតុនេះ ត្រូវបានធ្វើការផ្លាស់ប្តូរចំនួន ពីរលើកមកហើយ តែនេះជាលើកទី៣ ដោយមានព្រះចេតីយ៍ថ្មីដ៏ល្អស្អាត ក្នុងការទុកតម្កល់អដ្ឋិធាតុទាំងនេះ ក្នុងការ ថែរក្សាកុំឲ្យមានការបាត់បង់ ពុកផុយនូវវត្ថុតាងទាំងនេះ ដែលថ្នាក់ដឹកនាំកម្ពុជាប្រជាធិបតេយ្យ ដែលបានធ្វើមកលើ ប្រជាជនខ្លួនឯង ។
ក្នុងនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៀបាញ់ក៏បានលើកឡើងថា ទោះបីអតីតកាលដែលបានកន្លងផុតទៅអស់រយៈពេល៣៦ឆ្នាំក៏ពិតមែន តែភាពឈឺចាប់របស់ប្រជាជនកម្ពុជា នៅតែដកជាប់នៅក្នុងក្រអៅបេះដូងនៃ ជនគ្រប់រូប ដែលបានឆ្លងកាត់នូវក្នុងសមុទ្រឈាមនឹងទឹកភ្នែក ។ ក្នុងនោះដែរឯកឧត្តមក៏បានគូសបញ្ជាក់អំពីការកកើតនៃទីវត្តទេពពោធិវង្សនេះឡើង ក្រោយពេលដែលបងប្អូនប្រជាជនយើង បានរួចផុតពីអន្លង់មរណៈ នាថ្ងៃជ័យ ជំនះ៧មករា ១៩៧៩ ហើយត្រូវបានធ្វើការប្រមូលអដ្ឋិធាតុ ដែលក្រុមឃាតករអាវខ្មៅ បានកាប់សម្លាប់នៅក្នុងតំបន់ នេះ ប្រមាណជាង៨០០អដ្ឋិធាតុ មកតម្កល់ទុកក្នុងអាគារថ្មទីនេះ ដើម្បីធ្វើបុណ្យបង្សុកូល ឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់ទៅទាំងភាពអយុត្តិធម៌ ហើយនៅឆ្នាំ១៩៩០ ទីនេះក៏បានកសាងជាវត្តនេះឡើង ដោយកម្លាំងសាមគ្គី ដែលមានថ្នាក់ដឹកនាំគ្រប់
ជាន់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក្នុង និង ក្រៅប្រទេសចូលរួមផងដែរ ។ លោកទៀ បាញ់ ក៏បានបន្តទៀតថា ការរៀបចំកសាងចេតីយ៍ថ្មីនេះ គឺ ដើម្បី ទុកដាក់ឲ្យបានត្រឹមត្រូវ នូវអដ្ឋិធាតុទាំងនេះ ដែលជាវត្ថុតាងមួយដ៏សំខាន់ ក្នុងការកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃ របបកម្ពុជាប្រជាធិបត្តេយ្យ ប្រល័យពូជសាសន៍ ហើយក៏ជាការរក្សាទុកសម្រាប់ក្មេងៗជំនាន់ក្រោយ ក៏ដូចជាបងប្អូន ជាភ្ញៀវទេសចរណ៍ ចូលមកទស្សនា និង ស្វែងយល់ដឹង ពីការដឹកនាំដ៏សែនឃោឃៅនៃរបប ប៉ុល ពត ។
បន្ទាប់ពីការយាងនិមន្ត និង អញ្ជើញធ្វើការដង្ហែនូវអដ្ឋិធាតុ ចេញពីព្រះចេតីយ៍ចាស់ យកមកតម្កល់នូវព្រះចេតីយ៍ថ្មីរួចមក លោក ទៀ បាញ់ ក៏បានធ្វើការប្រគេននូវបច្ច័យ ចំនួន ៩លានរៀល, អង្ករ ៥តោន ,មី ៧០កេះ, ដល់ចៅ អធិការវត្តទេពពោធិវង្ស សម្រាប់ប្រើប្រាស់ក្នុងទីវត្ត ក្នុងនោះដែរ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ក៏បានប្រទាន់អំណោយដល់ប្រជាជនក្រីក្រ ចំនួន ១០គ្រួសារ នូវអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង ថវិកា ៣ម៉ឺនរៀល ព្រម ទាំងបានធ្វើពិធីរាប់បាត្រឆ្លងព្រះសង្ឃ ចំនួន១០៨អង្គ ផងដែរ ៕



































