សៀមរាប៖ លោកទាគឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ផឹកស៊ីស្រវឹងធ្លាក់ភ្នែក បើករថយន្ត រេពេញផ្លូវដូចពស់វែកជ្រុលទៅបុកស្ត្រីម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ រួចបើកបន្តទាំងបែកកង់រហូតដល់ស្តុបកោះកេរ្តិ៍ ទៅមុខលែងរួច ទើបប៉ូលីសព័ទ្ធចាប់បាន ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែល កំពុងធ្វើដំណើរតាមដងផ្លូវស្មានថា ប៉ូលីសដេញចាប់ចោរប្លន់។
រឿងដ៏កម្រនេះបានកើតឡើងកាលពីវេលា ម៉ោង ៣ និង ៤០នាទី ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៤ ស្ថិតនៅចំនុចស្តុបខាងលិចស្តាតចាស់ឈៀងខាងជើងសារមន្ទីរស្ថិតនៅក្នុង ភូមិ ស្វាយដង្គំ សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងពួកគេឃើញរថយន្ត RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ-2Y1112 បើកបរក្នុងល្បឿនលឿនរេពេញផ្លូវពីលិចមកកើតដោយស្រវឹងជោគជាំរេចង្កូតទៅបុក ជាមួយម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A0883 ធ្វើដំណើរពីកើត មកលិចបញ្ច្រាសទឹសដៅគ្នា បណ្តាលឱ្យស្ត្រីម្នាក់រងរបួសជាទម្ងន់សន្លប់ស្តូកស្តឹង ហើយបានបងប្អូនបញ្ជូនយក ទៅគ្លីនិកឯកជនដើម្បីជួយសង្គ្រោះ ។
ប្រភពដដែលបន្តថា ស្ត្រីរងគ្រោះដែលត្រូវរថយន្តមេព្រៃបុកអោយរបួសធ្ងន់សន្លប់បាត់ស្មារតីនោះមានឈ្មោះថា ហៃ ហន អាយុ ២៤ឆ្នាំ រស់នៅភូមិគោកស្នួល ឃុំពួក ស្រុកពួក ខេត្តសៀមរាប ជាបុគ្គលិកសណ្ឋាគារមួយកន្លែងនៅក្នុងក្រុងសៀមរាប។ ចំណែកបុគ្គលិកមន្ត្រីរដ្ឋបាលព្រៃឈើមួយរូបសុំមិនបញ្ចេញឈ្មោះ លូច ប្រាប់កាសែតថាៈ មេ ទា គឹមសុទ្ធ តែងតែមានកម្មវិធីស្ទើររាល់ថ្ងៃ គ្មានថ្ងៃលួសពេលម្តងណាឡើយ។
ដោយសារតែចំណូលលុយច្រើនពីបទល្មើសផ្សេងៗក្នុងខេត្ត ពិសេសមានមិត្តភ័ក្រច្រើនសុទ្ធតែជាប្រធានក្រុមហ៊ុនដឹកឈើខុសច្បាប់មានដូចជាៈ ក្រុមហ៊ុន សុខ សំណាង ជាដើម។ល។ លោកមន្ត្រីរដ្ឋបាលព្រៃឈើដដែលបន្តថាៈ ដូច្នេះហើយបានជាមេមានកម្មវិធីផឹកស៊ីមិនចេះចប់ ហើយសូម្បីតែមានរឿងប៉ុណ្នឹងហើយនូវតែលោកនាយខ័ណ្ឌ មិនខ្លាច ព្រោះគាត់
មានមន្ត្រីប៉េអឹមមួយចំនួនចាំជួយគាត់ ហើយខ្លាំងជាងនេះទៅទៀតលោក ទា គឹមសុទ្ធ បានបញ្ចូនបេសកជនពិសេសរបស់លោកឈ្មោះថា ម៉ែន វុធី្ធ ហៅ ធី ឡយដែលជាជំនួយការផ្ទាល់របស់លោក ទា គឹមសុទ្ធ និងជាអ្នកប្រមូលលុយសេដ្ឋកិច្ចពីបទល្មើសព្រៃឈើកំបាំងមុខនានាក្នុងខេត្តសៀមរាប និងជាអ្នកដោះស្រាយកម្មវិធីគ្រោះថ្នាក់ចរាចរណ៍។
ហើយលោក ម៉ែន វុធ្ធី ហៅ ធី ឡយ ក៏ធ្លាប់បាន គំរាមប្តឹងអ្នកកាសែតជាច្រើនដងរួចមកហើយ ដូចអ្នកកាសែតវាលឥន្ទ្រី ជាដើម ។ បើអ្នកកាសែត ណាហ៊ានចុះពីគាត់ និងមេរបស់គាត់ គឺគាត់នឹងប្តឹងភ្លាម ។ បើតាមសម្តីលោក វរៈសេនីយ៍ត្រី ឡែម សុវណ្ណ នាយរងការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់ថាៈ ពាក់ព័ន្ធ និងគ្រោះថ្នាក់ចរាចរខាងលើនេះ មន្ត្រីរបស់លោកបាន យករថយន្តអ្នកបង្ករហេតុ និងម៉ូតូជនរងគ្រោះមករក្សានៅគោលដៅស្ពានថ្មរួចហើយដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ៕