កំពង់ចាមៈ នគរបាលស្រកបាធាយ ចាប់ខ្លួនជនជាប់ចោទម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់តុលាការខេត្តកំពង់ឆ្នាំងពាក់ព័ន្ធទៅនឹង បទល្មើស រំលោភសេពសន្ថវៈ ។ ការចាប់ខ្លួនជនជាប់ចោទនេះធ្វើរឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដោយ
សហការជាមួយសម្មត្ថកិច្ចនគរបាល ខេត្តកំពង់ឆ្នាំង។លោកវរសេនីយន៍ត្រី សំ ណាល់ អធិការនគរបាលស្រុកបាធាយបានឲ្យដឹងថា ជនជាប់ខាងលើមានឈ្មោះ អាន ប្រុស អាយុ៣៩ឆ្នាំ គិតត្រឹមឆ្នាំ២០១១ រស់នៅភូមិភួង ឃុំពាមឆ្កោក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ លោកបានឲដឹងទៀតថា ក្រោយពីប្រព្រឹត្តបទល្មើស រំលោភសេពសន្ថវៈកាលពីចុង ខែធ្នូ ឆ្នាំ២០០៨នៅខេត្តកំពង់ឆ្នាំង រួចមកជននេះបាន រត់គេចខ្លួនដោយមកលាក់ខ្លួន នៅស្រុកបាធាយ ខេត្តកំពង់ចាម ។លោកបានបញ្ជាក់ឲដឹងថា ការចាប់ខ្លួនជនជាប់ចោទធ្វើឡើងតាមដីកា បង្គាប់ឲនាំខ្លួនរបស់លោកចៅក្រមស៊ើបសួរសាលា ដំបូងខេត្តកំពង់ឆ្នាំង លោក សាន សុផាត ដែលចេញកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១១ ។ក្រោយពីទទួលបានដីការួចមក នគរបាលស្រុកកំពង់លែង ដែលជាម្ចាស់ករណី បានធ្វើ
ការតាមដាន និងតាមស្រាវជ្រាវ រួចក៏ដឹងថា ជននេះរត់ទៅលាក់ខ្លួននៅស្រុកបាធាយ ខេត្តកំពង់ចាមនោះ ក៏សុំកិច្ចសហការដើម្បី តាមចាប់ខ្លួន ត្រឡប់មកវិញ។លោកបានបញ្ជាក់ទៀតថា ក្រោយទទួលព័ត៌មាននេះរូបលោក បានសុំគោលការណ៍ណែនាំពីសំណាក់ស្នងការនគរបាលខេត្ត រួចចុះ ទៅឃាត់ខ្លួនជនជាប់ចោទរូបនេះតែម្តង នារសៀលថ្ងៃទី១២ ខែកុម្ភៈនេះ។ក្រោយការឃាត់ខ្លួនរួចមក នគរបាលស្រុកបាធាយ ក៏បានប្រគល់ជនជាប់ចោទខាងលើ ទៅឲ្យនគរបាល ស្រុកកំពង់លែង យកទៅសួរនាំ និងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕



































