ខេត្តសៀមរាប៖ កម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយអាវុធហត្ថស្រុក ដែលដឹកនាំដោយលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះចាប់រថយន្តដឹកឈើប្រណិតប្រភេទធ្នង់ល្មើសច្បាប់ចំនួន២គ្រឿងមានចំនួន១៣៣ដុំនិងក្រាក់ធ្នង់ចំនួន១៣ដុំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជីក្រែង និងអ្នកបើកបរម្នាក់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ ហេតុការចុះបង្ក្រាបបទល្មើសព្រៃឈើនេះធ្វើឡើងនៅវេលាម៉ោង១៧និង៥០នាទីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៥ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិថ្លុកស្មាញ់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។ នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែងលោក សូ ផល្លា បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៣ខែកុម្ភៈនេះថា កម្លាំងសមត្ថកិច្ចចំរុះរួមមានៈរដ្ឋបាលព្រៃឈើ,អាវុធហត្ថស្រុក,ដែលដឹកនាំផ្ទាល់ដោយលោក សំរិទ្ធ សុខុនព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបរថយន្តដឹកឈើប្រណិតប្រភេទធ្នង់ខុសច្បាប់ចំនួន២គ្រឿងបានដកហូតឈើធ្នង់បាន២រថយន្ត។លោកបន្តថា រថយន្តទី១/មានឈើធ្នង់ចំនួន៤៧ដុំស្មើនឹង១,២៤៨ម៉ែត្រគូបនិងរថយន្តទី២ឈើធ្នង់ចំនួន៨៦ដុំស្មើនឹង៣,៦៨៦ម៉ែត្រគូបសរុបចំនួន៤,៩៣៤ម៉ែត្រគូប។លោកបន្ថែមថា វត្ថតាងទាំងអស់ត្រូវបានសមត្ថកិច្ចប្រមូលយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជីក្រែង។
លោកវរសេនីយត្រី ហង្ស វិចិត្រ មេបញ្ជាការអាវុធហត្ថស្រុកជីក្រែងបានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី១៣ខែកុម្ភៈនេះថា នៅក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានរឹបអូសយកឈើប្រណិតល្មើសច្បាប់មួយចំនួននិងឃាត់ខ្លួនអ្នកបើកបររថយន្តដឹកឈើបានម្នាក់ក្នុងចំណោម២នាក់រួចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
ប្រភពបានឲ្យដឹងថា បទល្មើសព្រៃឈើគ្រប់ប្រភេទ តែងតែហូរចេញពីភូមិសាស្ត្រខេត្តព្រះវិហារនិងភូមិសាស្ត្រខ្វាវ ក្នុងតំបន់អភិរក្សបឹងពេរ ហើយក្រុមឈ្មួញដុះស្លែទាំងនោះមានឈ្មោះ តាសុខ,តាអាត,យាយប៉ោះ,ជាដើម។ប្រភពបានបន្តថា មិនដឹងមូលហេតុអ្វីមួយដែឡបណ្តាលឲ្យក្រុមឈ្មួញទាំងនោះនៅតែអាចធ្វើសកម្មភាពបានយ៉ាងរលូនរហូតមកដល់សព្វថ្ងៃនេះ ប៉ុន្តែឈ្មួញឈើដុះស្លែម្នាក់បានអះអាងថា ខ្លួនបានបង់លុយកាក់ជាប្រចាំឲ្យទៅសមត្ថកិច្ចនៅតាមដងផ្លូវ ទើបគាត់អាចឈរជើងនឹងបាន៕ដោយ កុសល