ខេត្តសៀមរាប ៖ សមត្ថកិច្ចចំរុះរួមមានៈនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយមន្ទីររ៉ែនិងថាមពលដែលដឹកនាំផ្ទាល់ដោយលោកសុក កែវពណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានឲ្យកម្លាំងក្រោមឱវាទចុះធ្វើការត្រួតពិនិត្យនិងឆែកឆេរហាងនំ(យីហោអប្សរា)ដែលមានម្ចាស់ឈ្មោះ ឈួរ គឹមឡេង ភាពមិនប្រក្រតី យកទៅសួរនាំនៅស្នងការ។ហេតុការចុះត្រួតពិនិត្យនិងឆែកឆេរនូវឯកសារហួសសុពលភាពនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៥នៅផ្ទះលក់នំស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី១៣ខែកុម្ភៈថា ជាក់ស្តែងកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងមន្ទីររ៉ែនិងថាមពលខេត្តបានចូលរួមសហការណ៍គ្នាធ្វើការត្រួតពិនិត្យនិងឈានដល់ធ្វើការឆែកឆេររកឃើញនូវឯកសារដែលហួសសុពលភាព ដែលម្ចាស់ហាងនំបុ័ងបានលក់ជាយូរឆ្នាំមកហើយ ដោយមានច្បាប់ពិនិត្យ តែហួសកំនត់ បន្ទាប់ពីសមត្ថកិច្ចជំនាញត្រួតពិនិត្យរកឃើញបែបនេះក៏បាននាំម្ចាស់ ហាងមកកាន់ការិយាល័យនគរបាលជំនាញដើម្បីសួរនាំ។លោកបន្ថែមថា បច្ចុប្បន្នម្ចាស់ហាងនំបុ័ងអប្សរាមានឈ្មោះ ឈួរ គឹមឡេង ភេទប្រុសអាយុ៥៣ឆ្នាំរស់នៅភូមិកើតហេតុខាងលើ ហើយកម្លាំងជំនាញធ្វើការផាកពិន័យចំនួន១លានរៀលទៅតាមអន្តរការយោងទៅតាមច្បាប់ស្តីពីការគ្រងគ្រងរោងចក្រ និងសិប្បកម្ម ឲ្យម្ចាស់ធ្វើកិច្ចសន្យារួចត្រឡប់មកផ្ទះវិញ។សូមបញ្ជាក់ថា គុណភាពនៅក្នុងហាងនំបុ័ងនោះមានលក្ខណៈធម្មតាទេ ប៉ុន្តែខុសត្រង់តែអត់មានច្បាប់ត្រឹមត្រូវ(ហួសកំនត់)។ទោះជាយ៉ាងនេះក្តីគេរំពឹងថា សមត្ថកិច្ចនិងបន្តចុះត្រួតពិនិត្យហាងលក់គ្រឿងបរិភោគតទៅទៀតនៅក្នុងក្រុងសៀមរាបដែលជាតំបន់ទេសចរ ដើម្បីឲ្យពលរដ្ឋនិងភ្ញៀវទេសចរទទួលបានសុខភាពល្អនិងមានភាពកក់ក្តៅ៕