បន្ទាយមានជ័យៈ យុវជនពីរនាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាមរី បុកជាមួយម៉ូតូហុងដា បើកបរក្នុងទិសដៅច្រាសគ្នា កាលពីវេលាម៉ោង១០:៣០នាទី យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចផ្លូវចូលវិទ្យាល័យកូប ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិកាកាឆាយ ឃុំកូប ស្រុក
អូរជ្រៅខេត្តបន្ទាយមានជ័យ។អធិការនគរបាលស្រុកអូរជ្រៅ លោកវរសេនីយ៍ត្រី ឆេង អ៊ីសុខា ប្រាប់នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងឧប្បទ្ទវហេតុខាងលើ មានឈ្មោះ សាន់ ចិត្ត ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ វង្ស ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពាក់ស្លាកលេខ កណ្ដាល 1D-2203។ ចំណែកភាគីរថយន្តបើកបរដោយឈ្មោះ តឿ ភេទប្រុស បើកបររថយន្តម៉ាក តូយូតាកាមរី ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៥គ្មានស្លាកលេខ។សាក្សីនៅកន្លែងកើតហេតុ ប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញភាគីរថយន្តកាមរី ពណ៌ទឹកប្រាក់ បើកបរ
ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈនោះជនរងគ្រោះដែលជិះម៉ូតូឌុបគ្នា២នាក់ បានធ្វើដំណើក្នុងទិសដៅច្រាសគ្នាពីលិចមកកើត ហើយទំនងឡើងវ៉ារថយន្តមួយផ្សេងទៀត ក្នុងទិសដៅស្របគ្នា ក៏ជ្រុលទៅបុករថយន្តកាមរីពេញមួយទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងតែម្ដង។
ក្រោយកើតមានគ្រោះថ្នាក់ ប្រជាពលរដ្ឋបានចាប់ឃាត់ខ្លួនបុរស២នាក់ ដែលជិះក្នុងរថយន្តកាមរី ប្រគល់ឲ្យសមត្ថកិច្ច ចំណែករថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចធ្វើការវាស់វែង រួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីរង់ចាំរដោះស្រាយពេលក្រោយ រីឯសាកសពយុវជនរងគ្រោះទាំង២ បានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ប្រជាពលរដ្ឋបានឲ្យដឹងដែរថា រថយន្តកាមរីបង្កគ្រោះថ្នាក់ខាងលើនេះ ភាគច្រើនជាប្រភេទរថយន្តដឹកទំនិញគេចពន្ធ និងដឹកឈើខុសច្បាប់ ចេញពីច្រកព្រំដែនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកទៅចែកចាយតាមបណ្ដាខេត្តនានាក្នុងប្រទេស ដែលកន្លងមក គេឃើញតែងតែបង្កគ្រោះថ្នាក់ជាញឹកញាប់ដល់អាយុជីវិតប្រជាពលរដ្ឋ ខណៈរថយន្តទាំងនេះ បើកបរក្នុងល្បឿនលឿន បើទោះបីស្ថិតក្នុងតំបន់ទីប្រជុំជនក៏ដោយ៕




































