ភ្នំពេញ ៖ ម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលកាលពីវេលាម៉ោង១១និង ៣០នាទីយប់ថ្ងៃទី២៤ខែមីនាឆ្នាំ២០១៤ ស្ថិតនៅក្នុងសង្កាត់ បឹងកក់១ ខណ្ឌទួលគោក។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា គេសង្កេតឃើញបុរសម្នាក់បានជិះម៉ូតូហុងដាឌ្រិម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BK-2690 ធ្វើដំណើរទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវលេខ២៧៣ ស្រាប់តែមានម៉ូតូហុងដាវ៉េវអាល់ហ្វាមួយគ្រឿង ពណ៌ខ្មៅ អត់មានស្លាកលេខ ដែលជិះដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតមកលិចច្រាស់ទិសគ្នា ហើយ
បត់មកឆ្វេងដៃ បុកគ្នាពេញទំហឹង ធ្វើឲ្យអ្នកជិះម៉ូតូហុងដាឌ្រិមសេ១២៥រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យ ភ្លាមៗ ហើយចំណែកអ្នកជិះម៉ូតូវ៉េវអាល់ហ្វា វិញគ្រាន់តែរងរបួសរលាត់ដៃរលាត់ជើងប៉ុណ្ណោះ ហើយបានគេខ្លួនបាត់ សង្ស័យខ្លាចសមត្ថកិច្ចព្រោះជិះម៉ូតូគ្មានស្លាកលេខ (អត់ពន្ធ)។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងយកម៉ូតូទាំង២គ្រឿងខាងលើនេះទៅរក្សាទុកទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើការដោះស្រាយ៕