កំពង់ឆ្នាំង៖សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានចាប់បានចោរដែលបានលួចសត្វក្របីចំនួន៥ក្បាល កាលពី២សប្តាហ៏មុនពីខេត្តពោធិសាត់មកលក់នៅក្នុងខេត្តកំពង់ឆ្នាំង ហើយប្រគល់អោយម្ចាស់វិញ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ ២០១៥ ចំណែកពួកចោរបានគេចខ្លួនបាត់ ។
លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា៖ ក្របីទាំង៥ក្បាលនេះត្រូវបានសមត្ថកិច្ចរបស់លោកចាប់ នៅពេលដែលមានមនុស្សចំនួន២នាក់ មកពពាយនាយដើរលក់ ដោយគ្មានលិខិតស្នាម ។ដោយកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៥ មានមនុស្ស២នាក់ បានដឹកក្របីតាមរថយន្តមួយគ្រឿង មកទម្លាក់នៅស្រុកកំពង់ត្រឡាច ហើយក៏បានពពាយលក់ ក្របីទាំង៥ក្បាល ក្នុងនោះ ក្របីមេ២ក្បាល ក្របីជំទង់២ក្បាល និងកូន១ក្បាល ។
ដោយមានការសង្ស័យសមត្ថកិច្ចលោក បានធ្វើការសាកសួររកលិខិតស្នាម ពេលនោះម្ចាស់ក្របីប្រាប់ថាគេមានឈ្មោះ ម៉ាត់ ហ្វាស៊ី អាយុ៣៥ឆ្នាំ ចំណែកលិខិតមាននៅនឹងឡានធំ ហើយពេលនោះ សម ត្ថកិច្ចបានអោយទៅយកលិខិតបញ្ជាក់ពីការដឹកជញ្ជូនក្របីខាងលើនេះ ដោយបានសុំឃាត់ក្របីទុកសិន ព្រមទាំងបានថតរូបម្ចាស់ក្របីទាំងនេះមុននឹងអោយចេញទៅយកលិខិតបញ្ជាក់ ប៉ុន្តែពេលចេញទៅគេក៏គេចខ្លួនបាត់រហូត។
ស្រាប់តែនោះថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៥ មានម្ចាស់ក្របីពិតប្រាក ឈ្មោះម៉េត ម៉ៅ អាយុ៤៧ឆ្នាំ រស់នៅភូមិប៉ែន ឃុំលាជ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ បានមកអះអាងថា ក្របី នេះជារបស់គាត់បានបាត់កាលពីថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៥ និងមានទាំងលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន និងអធិការនគរ បាលស្រុកភ្នំក្រវ៉ាញផង លោកក៏បានឆ្លងយោបល់លោកស្នងការនគរបាលខេត្ត និងលោក ព្រះរាជអាជ្ញា សាលាដំបូងខេត្ត ហើយបានបញ្ជារ អោយលោកប្រគល់អោយក្របីទៅម្ចាស់ដើមវិញ។
លោកបានបន្តថាៈ ជនសង្ស័យគឺបានស្គាល់អត្តសញ្ញាណហើយតាមរយៈ រូបថតដែលសមត្ថកិច្ចបានថតទុក និងបានរាយការណ៍ទៅសមត្ថកិច្ចខេត្តពោធិសាត់រួចហើយ ដែលពេលនេះសមត្ថកិច្ចនគរ បាលខេត្តពោធិសាត់កំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើស៕



































