សៀមរាបអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៤និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០១៥របស់រដ្ឋបាលសាលាខេត្តសៀមរាប ដែលបានដំណើរការរយៈពេល១ថ្ងៃកន្លះទៅតាមកម្មវិធីរបៀបវីរៈដែលបានគ្រោងទុក ប្រកបដោយលទ្ធផលជាផ្លែផ្ការួចមក ត្រូវបានធ្វើពិធីបិទអង្គសន្និបាត ក្រោមអធិបតីភាពលោក លេង វី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅរដ្ឋបាលសាលាខេត្តសៀមរាប ។
ក្នុងកិច្ចស្វាគមន៍ និង ធ្វើការបូកសរុបលទ្ធផលនៃអង្គសន្និបាតនោះ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប ក៏បានគូសបញ្ជាក់អំពីលទ្ធផលដែលទទួលបានពីអង្គសន្និបាត តាមរយៈនៃកិច្ចពិភាក្សាតាម ក្រុម សម្រាប់យកទៅអនុវត្តបន្តនូវរាល់ភារកិច្ចការងារដែលសេសសល់ពីឆ្នាំ២០១៤ និង ការអនុវត្តភារកិច្ច ចម្បង សម្រាប់ឆ្នាំ២០១៥ សំខាន់លើការពិនិត្យដោះស្រាយនូវរាល់ធាតុចូលទាំងប៉ុន្មាន ដែលរកឃើញតាមកិច្ចពិភាក្សា ទៅ តាមប្រធានបទ ។ លោក ឃឹម ប៊ុនសុង បានគូសបញ្ជាក់ថា ឆ្នាំ២០១៥ គឺជាឆ្នាំនៃការបន្តអនុវត្តយុទ្ធសាស្ត្រចតុ កោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ។
ម្យ៉ាងទៀតគោលដៅសំខាន់ក្នុងការប្រមូលផ្តុំសក្តានុពលធនធានក្នុងខេត្តដើម្បីបម្រើឲ្យការអភិវឌ្ឍន៍ ការកែទម្រង់របៀបរបបការងារលើគ្រប់វិស័យក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅជម្រុញលើកស្ទួយសេដ្ឋកិច្ចសង្គម ពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅ ថ្នាក់មូលដ្ឋានឲ្យមានប្រសិទ្ធភាព ក្នុងបរិបទ នៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនិងដើម្បីបន្តគាំទ្រអនុវត្ត ឲ្យបានផុលផុសនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងលទ្ធផលនៃកិច្ចពិភាក្សារបស់ អង្គសន្និបាត ដើម្បីធ្វើការកែលម្អសម្រាប់ការអនុវត្តការងារបន្តក្នុងឆ្នាំ២០១៥នេះ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើក នូវសំណូមពរមួយចំនួនដល់ក្រសួងមហាផ្ទៃផងដែរ ។
មានប្រសាសន៍បិទអង្គសន្និបាតនោះដែរ លោកលេងវី ក៏បានធ្វើការគាំទ្រនូវលទ្ធផលដែលអង្គសន្និបាតទទួល បាន ព្រមទាំងបានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការ បំពេញភារកិច្ចជូនជាតិមាតុភូមិ និង ប្រជាពលរដ្ឋ សំខាន់លើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និង កិច្ចការ អភិវឌ្ឍន៍លើគ្រប់ហេដ្ឋរចនាសម្ព័ន្ធរបស់ខេត្តសៀមរាប ។
ឯកឧត្តមក៏បានលើកឡើង ពីសមិទ្ធផលនយោបាយសង្គម និង សេដ្ឋកិច្ច គឺពិតជាមានការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ក្នុងការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់ រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ និង ប្រជាជនកម្ពុជា ។
លោក លេងវីក៏បានគូសបញ្ជាក់ថាទោះបីខេត្តប្រវត្តិសាស្ត្រមួយនេះ វាមិនមែនជាគោលដៅចម្បងនៃការប្រមូលផ្តុំធ្វើ បាតុកម្ម កូដកម្ម តែអាជ្ញាធរ កម្លាំងសមត្ថកិច្ច និង ប្រជាជន បានថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គម និង សន្តិសុសខសណ្តាប់ធ្នាប់សាធារណៈ កិច្ចសហការ សម្របសម្រួល ក្នុងការដោះស្រាយបានល្អ ដែលបាន ធ្វើឲ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះបើប្រៀបធៀបឆ្នាំ២០១៣និង ការបង្ក្រាបបទល្មើសនានាកាន់តែមានប្រសិទ្ធភាពផងដែរ។ក្នុងឱកាសនោះឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍ការងារសំខាន់ៗមួយចំនួនក្នុងការកសាងអភិវឌ្ឍន៍ខេត្តសៀមរាប ព្រមទាំងបានលើកឡើងពីការងារជាក់ស្តែងមួយចំនួនដើម្បីជាមូលដ្ឋានធ្វើឲ្យខេត្តសម្រេច បាននូវទិសដៅការងាររបស់ខ្លួន ក៏ដូចជាការដោះស្រាយរាល់បញ្ហាប្រឈមនានា សំខាន់ ការពង្រឹងរបៀបរបបធ្វើការ ងារ
ការគ្រប់គ្រងវត្តមាន មកបំពេញការងាររបស់មន្ត្រីរាជការ ព្រមទាំងទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សា ពង្រឹង សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្កា ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ដែល កើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង បន្តយកចិត្តដោះស្រាយជម្លោះដីធ្លី ដោយផ្អែកលើមូលដ្ឋានច្បាប់ និង គោលការណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងធ្វើការកែលម្អការផ្តល់សេវារដ្ឋបាលជូនដល់ប្រជាជន និង ការអនុវត្ត គោលនយោបាយកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ និង ការលើកកម្ពស់ការគ្រប់គ្រង ការចាត់ចែង ប្រើប្រាស់មូលនិធិក្រុង ស្រុក ឃុំ សង្កាត់ ថវិកាគុណប្រយោជន៍ខេត្តប្រកបដោយតម្លាភាព គណនេយ្យភាព និង សច្ចរិត ភាព និង ការធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និង រដ្ឋបាលខេត្តត្រូវបន្តយកចិត្តគាំទ្រ សម្របសម្រួល ផ្តល់ឱកាសសម្រាប់ការងារអភិវឌ្ឍន៍វិស័យកសិកម្ម ដែលជាវិស័យសេដ្ឋកិច្ចដ៏ចម្បងរបស់ខេត្ត ។
លោក លេង វី ក៏បានលើពីបញ្ហាពាក់ព័ន្ធក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលត្រូវប្រជាជនក្រីក្រមានការប្រុងប្រយ័ត្នផងដែរ។ក្នុងនោះលោកក៏បានធ្វើការផ្តាំផ្ញើផងដែរ ដល់អង្គសន្និបាតទាំងមូល ត្រូវជម្រុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ រដ្ឋបាលខេត្ត ត្រូវបន្តពង្រឹងស្មារតី សាមគ្គីភាពឯកភាពផ្ទៃក្នុងក្នុងការអនុវត្តការងារដោយឈរលើគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន សំដៅរួមគ្នាអភិវឌ្ឍន៍ខេត្តសៀមរាប ឲ្យកាន់តែមានភាពរីកចម្រើនទៅអនាគត ទៀតផង ៕



































