ខេត្តព្រះវិហារ៖សំណុំរឿងបង្ក្រាបបទល្មើសព្រៃឈើកាលពីជាង២ឆ្នាំមុនទៅលើរថយន្តកូរ៉េកែច្នៃតទ្រុងឃ្លុបបិទជិត១គ្រឿងពណ៌ត្រេអ៊ីចំណុះ២តោនកន្លះជាកម្មសិទ្ធអចលនទ្រព្យរបស់អង្គភាពយោធាដែលគេស្គាល់ច្បាស់ថាជារបស់មន្ដ្រីយោធាជាន់ខ្ពស់ម្នាក់ហៅឈ្មោះក្រៅថា<តាបាក់>ជាឈ្មួញដឹកឈើចេញយ៉ាងសកម្មពីតំបន់ព្រំដែនប្រាសាទព្រះវិហារមិនទាន់ដោះស្រាយតាមផ្លូវច្បាប់យកចេញពីខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារនៅទ្បើយទេ។រថយន្តពណ៌ត្រេអ៊ីកែច្នៃតទ្រុងឃ្លុបបិទជិត១គ្រឿងនេះត្រូវបានប្រជាពលរដ្ឋរាយការណ៍អោយដឹងថាម្ចាស់រថយន្ដយកមកធ្វើការកែច្នៃដោយខុសបទដ្ឋានបច្ចេកទេសនៅតាមយានដ្ឋានជួសជុលរថយន្ដក្នុងខេត្តព្រះវិហារផ្ទាល់តែម្ដង។
ប្រភពព័ត៌មានពីភ្នាក់ងារបានអោយដឹងថាមកដល់ថ្ងៃទី១៤កុម្ភះ២០១៥នេះរថយន្ដដឹកបទល្មើសព្រៃឈើពណ៌ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ១គ្រឿងនេះមានសភាពច្រេះដែកនិងពុកផុយរួមទាំងខូចគាំងម៉ាស៊ីនអស់ទៅហើយ។នេះជាការខ្ចះខ្ជាយទ្រព្យសម្បត្តិមានតំលៃរបស់រដ្ឋដែលតម្រូវអោយបុគ្គលប្រើប្រាស់សំរាប់ដឹកសម្ភារះបំរើផលប្រយោជន៍អង្គភាពរដ្ឋបែរជាបុគ្គលខិលខូចយកមកដឹកជញ្ជូនឈើប្រណីតគេចពន្ធទៅវិញ។
មន្ដ្រីជំនាញរដ្ឋបាលព្រៃឈើខេត្តព្រះវិហារបានរំលឹកទ្បើងវិញអោយអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី១៤កុម្ភះ២០១៥ថាករណីចាប់បង្ក្រាបរថយន្ដពណ៌ត្រេអ៊ី១គ្រឿងខាងលើដែលបង្ហាញរូបភាពអំណាចពាក់ស្បែកខ្លាដឹកឈើប្រណីតគេចពន្ធនេះគឺបានធ្វើទ្បើងកាលពីថ្ងៃទី០៦កញ្ញា២០១២ស្ថិតនៅចំណុចផ្លូវបំបែកស្រុកគូលែន។
នៅពេលឆែកឆេរបានរកឃើញឈើប្រណីតតាប់ពេញណែនដោយបង្កប់ពីក្រោមគ្រឿងសិប្បកម្មកែច្នៃ។ការចាប់បង្ក្រាបនាពេលនោះស្រាវជ្រាវរកមុខម្ចាស់ឈើជាទាហានមិនឃើញនោះទេក៍សមត្ថកិច្ចជំនាញមេព្រៃបានសំរេចកសាងសំណុំរឿងវត្ថុតាងរថយន្តដឹកឈើខុសច្បាប់១គ្រឿងនេះបញ្ជូនទៅកាន់តុលាការខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
សរុបន័យខ្លឹមសារមកសំរាប់ពេលបច្ចុប្បន្ននេះរថយន្ដដឹកឈើគ្រប់ប្រភេទគេចពន្ធពណ៌ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទរួមមានម៉ាកឌុយមិក,រថយន្ដកូរ៉េធុនតូចធំ,ទុនដ្រា,ទ្បង់គ្រីស័រ,លុចស៊ីសគ្រប់ស៊េរីនិងរហូតដល់រថយន្ដយីឌុបនៅតែឃើញដឹកឈើប្រណីតតាប់ឈើជ្រាយគេចពន្ធគគ្រឹកគគ្រេងដែលមានប្រភពដើមចេញពីតំបន់ព្រំដែនប្រាសាទព្រះវិហារនិងចេញពីស្រុកឆែបស្រុកជ័យសែននិងស្រុកសង្គមថ្មីចេញឆ្ពោះទៅខេត្តកំពង់ធំដោយដឹងថាមានមេកើយជាមនុស្សមានអំណាចបុណ្យសក្ដិថ្នាក់ឧត្តមសេនីយកាងនៅពីក្រោយខ្នងឈ្មួញខិលខូចយ៉ាងរឹងមាំ។
ប្រជាពលរដ្ឋនិយាយជាទូទៅថាការដឹកជញ្ជូនបទល្មើសព្រៃឈើទាំងនោះពួកគាត់សង្កេតឃើញមានការចុះចាប់បង្ក្រាបពីសំណាក់សមត្ថកិច្ចចំនួនតិចតួចតែប៉ុណ្ណោះដែលក្នុងនោះពួកឈ្មួញឈើប្រមាណ៩០ភាគរយជាសមត្ថកិច្ចកងកំលាំងនិងជាមន្ដ្រីអាជ្ញាធរដែនដីបានរួចផុតពីសំណាញ់ច្បាប់ស្ដីពីព្រៃឈើ។
បញ្ជាក់: ក្នុងរូបភាពជារថយន្ដកូរ៉េពណ៌ត្រេអ៊ីកែច្នៃជាប់ក្នុងសំណុំរឿងនៅតុលាការខេត្តនៅទ្បើយ ៕