ខេត្តកំពង់ធំ: មេបញ្ជាការ រងអង្គភាពផ្នែកសឹករង ស្រុកប្រាសាទសំបូរម្នាក់ ដែលជាជើង ខ្លាំង ខាងដេញប្រម៉ាញ់រថយន្ត នៅតាមផ្លូវសាធារណនោះ ត្រូវបានព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ កំពុងមានចំណាត់ការហើយ បន្ទាប់លោកមេបញ្ជាការ រង រូបនោះ បានដេញប្រម៉ាញ់ បង្ករ ឲ្យរថយន្តយីឌុប១គ្រឿងបានក្រឡាប់និងមនុស្សម្នាក់រង របួសធ្ងន់ កាលពីពេលថ្មីៗ
នេះ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបាននិយាយឲ្យថា កាលពីវេលាម៉ោង៧និង៣០ នាទី ក្បាលព្រលប់ថ្ងៃទី៦ ខែកម្ភះ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវឆ្ពោះទៅ ទីប្រជុំជនស្រុកប្រាសាទ សំបូរ ត្រង់ចំណុចភូមិ តាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនោះ គេឃើញ រថយន្ត ម៉ាកលុចសីសRX300 ព៌ណខ្មៅ ពាក់ស្លាកលេខ2L 1515 បើកបរដោយលោក អ៊ិន ប៉ូ មេបញ្ជាការ រងផ្នែកសឹករងប្រាសាទសំបូរ បានបើកដេញរថយន្តយីឌុបដឹកដំឡូងមី២គ្រឿង ហើយក៏បានវ៉ាទៅ ឈប់ពាំងចំពីមុខ បណ្ដាលឲ្យរថយន្តយីឌុប បើកមុខជាន់ប្វ្រាំងយ៉ាងសង្ខុញ ព្រោះខ្លាចបុករថយន្ត លោកមេបញ្ជាការរង ចំណែករថយន្តយីឌុបដែលបើកពីក្រោយជាន់ប្វ្រាំងមិនអាចបញ្ឈប់ រថយន្ត បាននោះក៏បង្វែរចង្កួតគេច ហើយបោកក្រឡាប់និងបង្ករមនុស្សម្នាក់រងរបួសធ្ងន់តែម្ដង។
អ្នកធ្វើដំណើរក៏ដូចជាសមត្ថកិច្ចនៅតាមដងផ្លូវនេះសុទ្ធតែបាននិយាយថា លោក អ៊ិន ប៉ូបាន ដេញប្រម៉ាញ់និងឃាត់រថយន្ត ជារៀងរាល់យប់ ដោយមិនខ្វល់ពីការភ័យខ្លាចរបស់ប្រជាពលរដ្ឋ ស្លូតត្រង់ នោះទេ។ 
យោងតាមប្រភពព័ត៌មាន ពីផ្នែកសឹករងស្រុកប្រាសាទសំបូរ បានឲ្យដឹងថា ក្រៅពីលោក ពី អ៊ិន ប៉ូ គឺនៅមន្ត្រីទាហ៊ាន ខ្លះទៀត ដែលមេបញ្ជាការផ្នែកសឹករងនេះ បញ្ចេញកំលាំងទៅក្រៅ អង្គភាព ដើម្បីរកប្រយោជន៍ចែកគ្នាឬបង់លុយខែឲ្យ ហើយហៅមកបង្ហាញខ្លួន នៅពេលអង្គភាព មានការចាំបាច់ជាពិសេសថ្នាក់លើចុះត្រូតពិនិត្យកំលាំងម្ដងៗ ហើយអ្នកទាំងនោះ ក៏បានប្រើអាជីព ដូចជាលោកអ៊ិនប៉ូ ដែរ គ្រាន់តែខ្លះ ទៅជ្រកកោនក្រោម ស្លាកអង្គភាពផ្សេង មិនមែនជាក្របខណ្ឌរដ្ឋ ប៉ុន្តែសាធារណជន នៅតែស្គាល់ថា អ្នកនោះ ជាទាហ៊ានស្រុកប្រាសាទសំបូរដដែល ដែលនាំឲ្យខូច ឈ្មោះអង្គភាព។
ប្រភពដដែលនេះក៏ដូចជាប្រជាពលរដ្ឋសុំឲ្យលោលោកឧត្តមសេនីយ៍ត្រីសោម ស៊ុន មេបញ្ជា ការ តំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ មេត្តាមានវិធានការចំពោះរឿងនេះ ព្រោះថាទង្វើរខាងលើ គឺខុសច្បាប់និងវិន័យ របស់កងយោពលខេមរភូមិន្ទ ហើយគំលាតនៃគ្រប់គ្រងកំលាំងនេះ វាជាចំ ណុចកំសោយរបស់កងទ័ព។
លោក អ៊ូ ឆេងកន មេបញ្ជាការ ផ្នែកសឹករងស្រុកប្រាសាទសំបូរ បាននិយាយឲ្យដឹងថា រឿង នោះគឺលោក អ៊ិន ប៉ូ និងម្ចាស់រថយន្តក្រឡាប់ បានសំរួលគ្នាចប់អស់ហើយ ប៉ុន្តែការបញ្ចេញកំលាំង ពីអង្គភាព ដេញប្រម៉ាញ់រថយន្តនោះ គឺលោកមិនអធិប្បាយនោះទេ។
ចំណែកព័ត៌មាន ចេញពីអង្គភាពអយ្យការអមសាលាដំបូង ខេត្តកំពង់ធំបានឲ្យដឹងថាលោក ព្រះរាជអាជ្ញា នឹងចេញដីការកោះហៅសាម៉ីអង្គភាពនិងសាម៉ីជន គឺលោក អ៊ិន ប៉ូ មកសាកសួរ។
ប្រជាពលរដ្ឋគាំទ្រ ចំណាត់ការ របស់លោក ព្រះរាជអាជ្ញា ក្នុងនាម លោក ជាដើមបណ្ដឹង អាជ្ញា ការពាច្បាប់ ការពារសណ្ដាប់ធ្នាប់សាធារណ៕ កង ចេស្ដា



































