ខេត្តប៉ៃលិន ៖ ដោយសារចំណីអាហារ ដែលលក់ក្នុងសាលាឯកជនមួយឈ្មោះខ្មែរអន្តរជាតិ (ប្រ៊ីដ) មានបញ្ហាធ្វើឲ្យសិស្សចំនួន២៨នាក់ ពុលជាបន្តបន្ទប់ កាលពីវេលាម៉ោង ៩និង៣០ នាទី ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលាខ្មែរអន្តរជាតិប្រ៊ីដ(Bridge)ដែលមានទីតាំងភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ មកដល់ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ នេះសិស្សដែល
ពុលចំណីទាំងនោះបានធូរស្បើយមួយចំនួនធំហើយ ។
អាណាព្យាបាលសិស្សម្នាក់ឈ្មោះ ម៉ម សុភក្ភ្រ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិភ្នំស្ពុង ឃុំសាលាក្រៅ បានឲ្យដឹងថា៖ មកដល់ថ្ងៃទី១៤ នេះ កូនរបស់គាត់ បានធូរស្រាលហើយ មិនមានការក្អួត ចុកពោះ ដូចកាលពីថ្ងៃមុននោះទេ ប៉ុន្តែ នៅមានការខ្សោយកម្លាំង (អស់កម្លាំង) ។ ចំណែកអាណាព្យាបាលម្នាក់ទៀតឈ្មោះ បាន ទូច ភេទប្រុស រស់នៅក្នុងភូមិថ្នាល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ក៏និយាយមិនខុសគ្នានោះដែរ ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក តង់ ធារា ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តប៉ៃលិន បានឲ្យដឹងថា៖ ដោយសារមានការសហការគ្នាល្អ រវាងលោកគ្រូពេទ្យ និងអាណាព្យាបាល ព្រមទាំងលោកគ្រូ អ្នកគ្រូ បាននាំសិស្ស មកព្យាបាលទាន់ពេលវេលា ទើបមកដល់ថ្ងៃទី១៤ ខែកុម្ភៈ នេះ អាការៈរបស់ក្មេងៗទាំងនោះបានធូរស្បើយមួយចំនួនធំហើយ ។ លោកបន្តថា៖ ចំពោះបញ្ហានៃជំងឺ លោកមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ដោយពេលនេះរងចាំការធ្វើកោសល្យវិច្ឆ័យពីលោកគ្រូពេទ្យជំនាញ ។
លោក សេង រ៉ន ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឲ្យអ្នកឆ្លើយឆ្លងពត៌មានកម្ពុជាថ្មី ប្រចាំខេត្តប៉ៃលិន ដឹងថា៖ ក្មេងៗដែលពុលកាលពីថ្ងៃទី១៣ ខែកុម្ភៈ នោះ មកដល់ពេលនេះ មានអាការៈធូរស្បើយមួយចំនួនហើយ ។
លោកបញ្ជាក់ថាករណីនេះខាងក្រុមគ្រូពេទ្យនៅមិនទាន់ដឹងអំពីមូលហេតុដែលបណ្តាលឲ្យសិស្សមានអាការៈចុកពោះក្អួតចង្អោរនោះទេ ,អាចមកពីពុលអាហារ ឬជាជំងឺអាសន្នរោគ ព្រោះអ្នកខ្លះមិនបានហូបអាហារផង ក៏មានអាការៈដូចគ្នាដែរ។ពេលនេះក្រុមគ្រូពេទ្យកំពុងតាមដានស្ថានភាពជំងឺបន្ថែមទៀត ប៉ុន្តែអ្នកជំងឺខ្លះបានធូរស្បើយហើយ។ករណីនេះមិនមានប៉ះពាល់ដល់អាយុ ជីវិតអ្នកណាម្នាក់នោះឡើយ ។ 
ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ពីការពុលចំណីអ្វីនោះទេ ខណៈដែលក្រុមជំនាញកំពុងយកអាហារ និងនំចំណីទាំងអស់ ដែលមានលក់នៅក្នុងសាលាយកទៅធ្វើការពិនិត្យ ៕ សេង សុវណ្ណារិទ្ធ




































