ស្ទឹងត្រែង៖ឈើបេងឈើនាងនួនឈើធ្នង់ដែលជាប្រភេទឈើប្រណីតដែលសព្វថ្ងៃនេះស្ទើតែជិតផុតពូជទៅហើយនោះ ឥលូវឈើសុក្រំជាប្រភេទឈើលេខ១ កំពុងតែរងការកាប់បំផ្លាញពីឈ្មួញទុច្ចរិតនៅចំណុចជិតអូរតាឡាស់ចំនួន១៣៥ដុំ ត្រូវបានកលាំងជំនាញបង្ក្រាបកាលពីល្ងាចថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០១៥នៅចំណុចជិតអូតាឡាស់ស្ថិតក្នុងភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាក្រោយពីឈើប្រណីតជិតផុតពូជគេសង្កេតឃើញថាឈើសុក្រំដែលជាប្រភេទឈើលេខមួយ កំពុងរងការកាប់បំផ្លាញ ពីក្រុមឈ្មួញមួយចំនួនយ៉ាងគគ្រឹកគ្រេងនៅដែនសមត្ថកិច្ចស្រុកថាឡាបរិវ៉ាត់ ដែលត្រូវបានគេអាឡាំងជាបួនជ្រុង មានមុខកាត់ចាប់ពី២៥សង់ទីម៉ែត្ររហូតដល់៥០ទៅ៦០សិបសង់ទីម៉ែត្រ។
ប្រភពបានបន្តអោយដឹងទៀតថាឈើទាំងនោះត្រូវបានគេអាពុះជ្រៀក និងបានដឹកតាមគោយន្តចេញពីក្នុងព្រៃយកមកគរទុកនៅចំណុចខាងលើចំនួន៣គំនរស្មើនិង១៣៥ដុំ ដើម្បីត្រៀមដឹកតាមរថយន្តធន់ធំ ឆ្លងកាត់ខេត្តក្រចេះ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។
ប្រភពដដែលបានបន្តទៀតថាឈើទាំងនេះបានដំណើរការអស់រយៈពេលជាយូមកហើយដោសារក្រុមឈ្មួញបានធ្វើការទំនាក់ទំនងគ្រប់សមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវនិងបានសហការជាក្រុមហ៊ុនដីសប្បទានសេដ្ឋកិច្ចស្របច្បាប់។ពោលគឺពេលដែលរថយន្តដឹកឈើ របស់ក្រុមហ៊ុនស្របច្បាប់ ចេញ រថយន្តឈ្មួញអត់ច្បាប់ បានបើកចូលខ្សែរថយន្តមានច្បាប់អនុញ្ញាត ដោយគ្មានរំខានដល់សមត្ថកិច្ចណាឡើយ។
ប្រជាពលរដ្ឋបាននិយាយថាឈើដែលសមត្ថកិច្ចបង្ក្រាបនេះ គឺជាឈើរបស់មេឈ្មញម្នាក់នៅក្នុងខេត្តស្ទឹងត្រែង រាប់ឆ្នាំមកហើយគេមិនដែលឃើញសមត្ថកិច្ចបង្ក្រាបគេឡើយ ឈ្មួញឈើគេតែងតែអួតអាងប្រាប់គេថា គេបានរត់ការជាមួយមេព្រៃរួចហើយ មិនយ៉ាងមេចទើបតែពេលនេះបានគេបង្ក្រាប គេមិនដឹងថាមកពីមូលហេតុអ្វីនោះទេ? បានជាបង្ក្រាប។
បច្ចុប្បន្នឈើចំនួន៣គំនរមានចំនួន១៣៥ដុំធំ កំពុងធ្វើការដឹកជញ្ជូន ចេញពីព្រៃយកមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។ រីឯម្ចាស់មិនត្រូវបានចាប់ខ្លួននោះទេ គ្រាន់តែលោកឈាង តុលានាយខណ្ឌបាននិយាយនៅមុខអ្នកយកព័ត៍មានថា បើសិនមានជាអ្នកអន្តាគម លោកនិងចាប់ខ្លួនទាំងអ្នកអន្តាគមន៍នោះទៀត៕
ងិន លីម