ប្រភពព័ត៌មានពី BBC News បាន ឲ្យដឹងថា យ៉ាងហោចក៏មានមនុស្សចំនួន១១នាក់បានបាត់បង់ជីវិត បន្ទាប់ពីទូរថភ្លើងចំនួន៣ទូបានធ្លាក់ចេញពីផ្លូវដែកនៅភាគខាង ត្បូងរដ្ឋ Karnataka ប្រទេសឥណ្ឌា។ នេះជាការលើកយកមកនិយាយប្រាប់ដោយក្រុមមន្ដ្រីអយស្ម័យយាន។
គ្រោះថ្នាក់បានកើតមានឡើងនៅក្បែរតំបន់ Anekal ចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីក្រុងBangalore នៃ រដ្ឋនេះ កាលពីចុងសប្តាហ៍កន្លងមក។ ក្រុមមន្ដ្រីបានលើកយកមកនិយាយថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើងថែមទៀត ខណៈពេលដែលសពនៅជាប់ក្នុងបំណែកនៃទូរថភ្លើងជាមួយនឹងអ្នកដំណើរ ១៧នាក់ផ្សេងទៀតរងរបួស។
វាតែង តែកើតមានគ្រោះថ្នាក់រថភ្លើងបែបយ៉ាងនេះរាប់មិនអស់នោះទេ នៅក្នុងប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្សអស់ដល់ទៅរាប់រយនាក់។
ផ្លូវដែក ឬអយស្ម័យយានឥណ្ឌា ប្រតិបត្តិការដោយមានរថភ្លើងដឹកអ្នកដំណើរដល់ទៅ៩,០០០ខ្សែ ហើយដឹកជញ្ជូនដល់ទៅ១៨លាននាក់ជារៀងរាល់ថ្ងៃ។ ក្រុមមន្ដ្រីអយស្ម័យយាននិយាយថា រថភ្លើងល្បឿនលឿន Intercity Express ដែលដឹកជញ្ជូនអ្នកដំណើររវាងទីក្រុងនឹងទីក្រុងនោះ បានចាកចេញពីក្រុង Bangalore នៅវេលាម៉ោង៦ ម៉ោងក្នុងស្រុក ហើយគ្រោះថ្នាក់បានកើតមាននៅរយៈពេល៩០នាទីក្រោយមក។
គួរ រំលឹកថា កាលពីខែតុលា ឆ្នាំទៅមិញ មនុស្ស១២នាក់បានបាត់បង់ជីវិត បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរពីរខ្សែបុកគ្នានៅភាគខាងជើងរដ្ឋUttar Pradesh។
កាល ពីខែមីនា ឆ្នាំទៅ មនុស្ស២៣នាក់បានស្លាប់ បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរធ្លាក់ចេញពីផ្លូវ ព្រមទាំងបានទៅបុកនឹងរថភ្លើងដឹកទំនិញដែលស្ថិតនៅក្នុងរដ្ឋ Uttar Pradesh នោះផងដែរ៕