បន្ទាយមានជ័យៈអង្គសន្និបាតបូកសរុបលទ្ធផលការងាររដ្ឋបាលខេត្តបន្ទាយមានជ័យ ឆ្នាំ២០១៤ និង លើកទិសដៅឆ្នាំ២០១៥ កាលពីព្រឹកថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម គោ ស៊ុំសរឿត អភិបាលនៃគណៈអភិបាលខេត្ត និងសមាជិកសម៉ាជិការមន្ទីរ-អង្គភាព ក្រុង-ស្រុកទាំង៩នៅទូទាំងខេត្តចូលរួម។
ឯកឧត្ដម គោ ស៊ុំសរឿតអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា: លទ្ធផលដែលទទួលបានពីអង្គសន្និបាត តាមរយៈនៃកិច្ចពិភាក្សាតាមក្រុម សម្រាប់យកទៅអនុវត្តបន្តនូវរាល់ភារកិច្ចការងារដែលសេសសល់ពីឆ្នាំ២០១៤ និង ការអនុវត្តភារកិច្ច ចម្បង សម្រាប់ឆ្នាំ២០១៥ សំខាន់លើការពិនិត្យដោះស្រាយនូវរាល់ធាតុចូលទាំងប៉ុន្មាន ដែលរកឃើញតាមកិច្ចពិភាក្សាទៅតាមប្រធានបទ ។
ឯកឧត្ដម គោ ស៊ុំសរឿត បន្តថា ឆ្នាំ២០១៥ គឺជាឆ្នាំនៃការបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ។ ម្យ៉ាងទៀតគោលដៅសំខាន់ក្នុងការប្រមូលផ្តុំសក្តានុពលធនធានក្នុងខេត្តដើម្បីបម្រើឲ្យការអភិវឌ្ឍន៍ ការកែទម្រង់របៀបរបបការងារលើគ្រប់វិស័យក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅជម្រុញ
លើកស្ទួយសេដ្ឋកិច្ចសង្គម ពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅ ថ្នាក់មូលដ្ឋានឲ្យមានប្រសិទ្ធភាព ក្នុងបរិបទ នៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនិងដើម្បីបន្តគាំទ្រអនុវត្ត ឲ្យបានផុលផុសនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងលទ្ធផលនៃកិច្ចពិភាក្សារបស់ អង្គសន្និបាត ដើម្បីធ្វើការកែលម្អសម្រាប់ការអនុវត្តការងារបន្តក្នុងឆ្នាំ២០១៥នេះ ៕





































