សៀមរាប កាលពីចុងសប្តាហ៏ខែកុម្ភៈ ឆ្នាំ២០១៥នេះ សិក្ខាកាមចំនួន៤៨នាក់ បានធ្វើដំណើរចុះបំពេញកម្មសិក្សានៅប្រាសាទបន្ទាយស្ត្រី និង ប្រាសាទភ្នំបាខែង បន្ទាប់ពីបានទទួលការបណ្តុះបណ្តាល ក្នុងវគ្គស្តីពីទេសចរណ៍និងវប្បធម៌ ដែលបានចាប់ផ្តើមបើកដំណើរការ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងទៅ ។
គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃ អាជ្ញាធរអប្សរា ក្រោមការផ្តួចផ្តើមឡើងដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ជាមួយនឹងការគាំទ្រដោយលោកសាស្ត្រាចារ្យ Azedine BESCHAOUCH ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងមានកិត្តិយសដោយបានការចំណាយពេលវេលារបស់លោកហែរវេ បារ៉េ អតីតប្រធានផ្នែកទេសចរណ៍វប្បធម៌នៃមជ្ឈមណ្ឌលបេតិកភ័ណ្ឌពិភពលោក អង្គការ
\យូណេស្កូ បានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផងដែរហើយសិក្ខាកាមទាំង៤៨រូប គឺមកពីស្ថាប័នអាជ្ញាធរជាតិអប្សរា អាជ្ញាធរព្រះវិហារ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមកពីគ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន៣ នៅក្រុងសៀមរាប ។
ដំណើរទស្សនកិច្ចសិក្សានេះ ដឹកនាំដោយ ឯកឧត្តម សុខ សង្វារ ប្រធានក្រុមការងារអនុវត្តន៍ផែនការគ្រប់គ្រងទេសចរណ៍ និងមានការចូលរួមបង្ហាញបទឧទ្ទេសនាមដោយ លោកជំទាវ ចៅ ស៊ុនកិរិយា និង លោក ហែរវេ បារ៉េ ផងដែរ ។
គួររំលឹកដែរថា រមណីយដ្ឋានអង្គរ ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក នាខែធ្នូ ឆ្នាំ១៩៩២ហើយអាជ្ញាធរអប្សរាត្រូវបានប្រកាសបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៥ នាទីក្រុងបែរឡាំង ។ អាជ្ញាធរអប្សរា មានភារកិច្ចចម្បងៗចំនួន៥ ដែលទាក់ទងទៅនឹងកិច្ចការ ការពារ ការរអភិរក្ស និងការលើកតម្លៃសម្បត្តិវប្បធម៌ និង ធម្មជាតិនៅក្នុងតំបន់សៀមរាបអង្គរ ។
ការសម្រេចភារកិច្ចរបស់អាជ្ញាធរអប្សរា ត្រូវបានឆ្លងកាត់ទស្សវត្សរ៍នៃតំណាក់កាល ការ ការពារ និងការលើកតម្លៃរមណីយដ្ឋានអង្គរ ដែលជាហេតុ បានធ្វើឲ្យរមណីយដ្ឋានអង្គរ ត្រូវបានដកចេញពីបញ្ជីបេតិកភ័ណ្ឌដែលប្រឈមនឹងគ្រោះថ្នាក់ នាឆ្នាំ២០០៤ ។ ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៤ គឺជាទស្សវត្សរ៍នៃតំណាក់កាល អភិរក្សដើម្បីអភិវឌ្ឍន៍ និង អភិវឌ្ឍន៍ដើម្បីអភិរក្ស នៃរមណីយដ្ឋានអង្គរ ។ ភាពជោគជ័យការងារ លើកិច្ចការពារ ការអភិរក្ស ការលើកតម្លៃ និងការអភិវឌ្ឍន៍ បានធ្វើឲ្យរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និង ធម្មជាតិ ( អង្គរ ) បានក្លាយជាតំបន់សក្តានុពល ទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យចូលមកទស្សនា ក្នុង
កំណើនកើនឡើងជារៀងរាល់ឆ្នាំ ។ កំណើនភ្ញៀវទេសចរណ៍ ដែលហូរចូលមកទស្សនាក្នុងតំបន់អង្គរ វាក៏ជាចំណូល ហូរចាក់ចូលចរន្តសេដ្ឋកិច្ចជាតិ ផងដែរ ក៏ប៉ុន្តែដើម្បីរក្សាបាននូវនិរន្តរភាពនៃកំណើនភ្ញៀវទេសចរណ៍ វាក៏មានតម្រូវការឲ្យមានការគិតគូរខ្ពស់បំផុត លើការងារគ្រប់គ្រងទេសចរណ៍ ។ អាស្រ័យដូចហេតុយ៉ាងដូច្នេះហើយ ទើបឆ្នាំ២០១៥នេះ អាជ្ញាធរអប្សរាបាននិយាយថា គឺជាឆ្នាំទស្សវត្សរ៍ នៃតំណាក់កាលអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ ហើយដើម្បីសម្រេចបាននូវផែនការនេះ ចាំបាច់គឺបណ្តុះបណ្តាលធនធានមនុស្ស ។
នៅក្នុងបទសម្ភាសន៍ប្រមាណជា ៩ នាទី ជាមួយ លោក ហែរវេ បារ៉េ អតីតប្រធានផ្នែកទេសចរណ៍វប្បធម៌ នៃមជ្ឈមណ្ឌលបេតិកភ័ណ្ឌពិភពលោក យូណេស្កូ ! លោកបានឲ្យដឹងថា ការងារគ្រប់គ្រងទេសចរណ៍នេះ នៅលើបណ្តាប្រទេសក្នុងពិភពលោកដែលមានសក្តានុពលទេសចរណ៍ ពួកគេត្រូវបានយកចិត្តទុកដាក់ គិតគូរខ្លាំងក្លាណាស់ ។
លោកបានបង្ហាញនូវចំណាប់អារម្មណ៍ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដែលតំបន់អង្គរបានស្រូបទាញភ្ញៀវទេសចរ គួរឲ្យកត់សម្គាល់នោះ យើងឃើញថា តំបន់អង្គរដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា បានខិតខំខ្លាំងណាស់លើការងារគ្រប់គ្រងទេសចរណ៍នេះ ។ លោកបានវាយតម្លៃថា លោកបានសិក្សាដោយផ្ទាល់ គឺមិនមែនមើលក្នុងរបាយការណ៍នោះទេ ស្ថានភាពគ្រប់គ្រងទេសចរណ៍នៅក្នុងតំបន់អង្គរ បើទោះជាយ៉ាងណា ក៏មិនស្ថិតនៅក្នុងលំដាប់ ក្រោយខ្នងប្រទេសមួយចំនួននោះឡើយ ។
ឯកឧត្តម សុខ សង្វារ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ គឺជាសកម្មភាពមួយនៅក្នុងការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់អង្គរ ឲ្យមានការចូលរួមពីបណ្តាស្ថាប័នដែលពាក់ព័ន្ធ សំដៅទប់ស្កាត់ភាពអវិជ្ជមានដែលនឹងអាចកើតមានឡើង ប៉ះពាល់ដល់ការងារអភិរក្ស ថែរក្សាប្រាង្គប្រាសាទ ជាមួយនឹងការរៀបចំវង់ដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរឲ្យបានល្អប្រសើរ ថែមទៀត។
គួរបញ្ជាក់ឲ្យដឹងផងដែរថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ អង្គការទេសចរណ៍ពិភពលោកនៃអង្គការសហប្រជាជាតិ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៅរមណីយដ្ឋានអង្គរ ។ អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើង គឺស្ថិតក្នុងគោលបំណង ធ្វើយ៉ាងណា គ្រប់គ្រងទេសចរណ៍នៅក្នុងតំបន់អង្គរ ឲ្យមាននិរន្តរភាព កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននានា ដែលជះឥទ្ធិពលមកលើប្រាង្គប្រាសាទ បរិស្ថាន ជីវភាពរស់នៅរបស់សហគមន៍ក្នុងតំបន់ និង សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងដំណើរទស្សនាចររបស់ភ្ញៀវ ផងដែរ ៕



































