ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះ ពាក់ព័ន្ធទៅនឹងស្ត្រីរូបនេះ បានល្បួងនាំក្មេងប្រុសពីរនាក់ និងព្រះសង្ឃ១អង្គ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ។ ហេតុការណ៍ចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ នៅចំណុចភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ ទី១. ឈ្មោះ មាស សុខគង់ ភេទប្រុស អាយុ១៥ឆ្នាំ ជាកូនសិស្សព្រះសង្ឃ ទី២. ឈ្មោះ ឆ្លូញ ភេទប្រុស អាយុ១២ឆ្នាំ ជាកូនសិស្សព្រះសង្ឃ ទី៣. ឈ្មោះ មិន វណ្ណា ភេទប្រុស អាយុ១២ឆ្នាំ ជាព្រះសង្ឃ ទាំងអស់គ្នារស់នៅភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃ លិន ។ ចំនែកស្ត្រីជាមេខ្យល់ ឈ្មោះ ឡាយ ខន ភេទស្រី អាយុ៣២ឆ្នាំ មានស្រុកកំណើតរស់នៅភូមិ បាសែត ឃុំបាសែត ស្រុករ៉ាក់យ៉ង ប្រទេសឡាវ បច្ចុប្បន្នស្នាក់នៅភូមិសង្កាត់ខាងលើ ។
ប្រភពព័ត៌មានបានបន្តទៀតថា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ត្រីខាងលើបានទៅស្នាក់ នៅក្នុងវត្ត ភ្នំរាំង ដើម្បីឱ្យមានភាពស្និទ្ធស្នាលជាមួយកូនសិស្សលោក ដែលនៅក្នុងវត្ត ហើយស្ត្រីរូបនេះ ក៏បានលួងលោម ក្មេងពីរនាក់ខាងលើ និងព្រះសង្ឃ១អង្គឱ្យទៅប្រទេសថៃជាមួយខ្លួន ដើម្បីធ្វើការងារ និងរកប្រាក់បានច្រើន ។ បន្ទាប់មកនៅវេលាម៉ោង៣និង០០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៩ ខែកុម្ភៈ នេះ ស្ត្រីរូបនេះក៏បាននាំក្មេងប្រុសចំនួន២នាក់ និងព្រះសង្ឃ១អង្គចាកចេញពីវត្តដោយជិះម៉ូតូឌុបសំដៅ មកព្រំដែន រួចក៏ឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ។ បន្ទាប់មកស្ត្រីរូបនេះ បានត្រឡប់មកភូមិអ រតាវ៉ៅ តែម្នាក់ឯង ក្រោយទទួលពាក្យបណ្តឹងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នព្រះសង្ឃ១អង្គបានត្រឡប់មកវត្តវិញហើយ ចំណែកក្មេងប្រុស២នាក់ កំពុងតែបាត់ខ្លួន នៅឡើយ រីឯស្ត្រីមេខ្យល់ត្រូវ សមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕



































