ក្រុមមេដឹកនាំនៃប្រទេសឥណ្ឌា និង ប្រទេសស្រីលង្កា បានធ្វើការចរចាគ្នាអំពីបញ្ហាមួយចំនួនធំ ដែលមានគោលដៅពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររបស់ពួកគេ ដែលក្នុងនោះរួមមានការបង្កើនពាណិជ្ជកម្ម និង ដោះស្រាយជម្លោះរវាងប្រទេសទាំងពីរផងដែរ។កិច្ចប្រជុំនេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ដោយលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និង លោក Maithripala Sirisena ប្រធានាធិបតីជាប់ឆ្នោតថ្មីនៃប្រទេសស្រីលង្កា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយអំពីសុវត្ថិភាពបរមាណូ ដែលត្រូវបានសារទរថាជា រឿងដ៏ល្អមួយមិនធ្លាប់មានពីពេលមុនៗ ដើម្បីលើកតម្កើងចំណងទាក់ទងគ្នាឈានទៅកាន់កម្រិតថ្មីមួយ និង ជាសក្ខីភាពមួយនៃការទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសជិតខាងទាំងពីរនេះ។
ជាងនេះទៅទៀត លោក Modi និងលោក Sirisena បានយល់ស្របគ្នាអំពីរបៀបដោះស្រាយមួយ ប្រកបដោយការស្ថាបនា និង មនុស្សធម៌ ដើម្បីដោះស្រាយបញ្ហាអ្នកនេសាទត្រីរបស់ពួកគេ។ ជាញឹកញយ ពួកអ្នកនេសាទមកពីប្រទេសទាំងពីរនេះត្រូវបានចាប់ខ្លួនដោយសារបានចូលទៅក្នុងដែនទឹកនៃប្រទេសនីមួយៗ ៕