កិច្ចឈប់បាញ់គ្នាមានរយៈពេលខ្លីមួយ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនកំពុងតែប្រឈមនឹងការបរាជ័យ ខណៈដែលក្រុមឧទ្ទាមបំបែករដ្ឋ និងកងកម្លាំងរដ្ឋាភិបាលក្រុងគាវបានបាញ់កាំភ្លើងធំដាក់គ្នាទៅវិញទៅមក ក្នុងក្រុង Debaltseve ដែលជាកន្លែងក្រុមឧទ្ទាមបានមានប្រៀបជាង ក្រុមទាហានរដ្ឋាភិបាលអ៊ុយក្រែន។
ក្រុមទាមទារបំបែករដ្ឋបានស្នើ បើកឲ្យក្រុមយុទ្ធជនរបស់រដ្ឋាភិបាលក្រុងគាវ ចាកចេញពីទីនោះដោយសុខសាន្ត តែពួកគេត្រូវទម្លាក់អាវុធពួកគេជាមុនសិន ប៉ុន្តែវាត្រូវបានលោក Vladislav Seleznyov អ្នកនាំពាក្យរបស់ក្រុមយោធាអ៊ុយក្រែនច្រានចោលសំណើនេះដោយលោកបានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់គ្នា ក្រុងនេះឋិតនៅក្នុងដែនដីអ៊ុយក្រែន។
គ្មានភាគីណាមួយបាននិយាយថា ខ្លួនចង់ចាប់ផ្តើមដកអាវុធធុនធ្ងន់ពីខ្សែបន្ទាត់ជួរមុខក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារនេះ ដូចដែលបានអំពាវនាវឲ្យមាននៅក្នុងកិច្ចឈប់បាញ់គ្នាមួយដែលត្រូវបានចរចាកាលពីសប្តាហ៍មុនដោយក្រុមមេដឹកនាំនៃប្រទេសអ៊ុយក្រែន រុស្ស៊ី បារាំងនិងប្រទេសអាល្លឺម៉ង់ ៕