កងទ័ពអាកាសប្រទេសអេហ្ស៊ីប និង លីប៊ី បានបើកយុទ្ធនាការវាយប្រហារតាម ផ្លូវអាកាសទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS នៅលើទឹកដីប្រទេសលីប៊ី ដោយបានសម្លាប់សមាជិកក្រុមឧទ្ទាមដ៏ព្រៃផ្សែមួយនេះ ចំនួន ៤០ នាក់ ដើម្បីជា ការសងសឹកទៅនឹងទង្វើដែលពួកគេបានសម្លាប់ជនជាតិអេហ្ស៊ីបចំនួន២១នាក់ ។
ការវាយប្រហារដ៏ក្តៅកគុកខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃ ច័ន្ទ ម្សិលមិញ ដោយកងកម្លាំងទ័ពអាកាសអេហ្ស៊ីប និង លីប៊ី បានធ្វើការកំណត់ទីតាំងវាយ ប្រហារលើតំបន់ឈរជើង និង ឃ្លាំងស្តុកសភាអាវុធរបស់ក្រុមជ្រុលនិយម IS ក្នុង ខេត្ត មីនយ៉ា ជាពិសេសនៅតាមតំបន់ឆ្នេរសមុទ្រអាហ្វ្រិកខាងជើង ។
គួរបញ្ជាក់ថា ស្ថានការណ៍នៅទូទាំងប្រទេសលីប៊ីបច្ចុប្បន្ន គឺរដ្ឋាភិបាលស៊ីវិល ត្រូវបានផ្តួលរំលំដោយរដ្ឋាភិបាលក្រុមឧទ្ទាមហើយ ជាហេតុធ្វើឲ្យស្ថានទូតបណ្តា ប្រទេសមួយចំនួនក្នុងរដ្ឋធានីលីប៊ី ត្រូវសម្រេចបិទដំណើរការជាបណ្តោះអាសន្ន ខណៈដែលសហគមន៍អន្តរជាតិ ក៏កំពុងអំពាវនាវឲ្យពួកឧទ្ទាមទាំងនោះ យល់ ព្រមប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលវិញផងដែរ ៕