នៅព្រលប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ មានហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះស្មៅ ក្នុងដីឡូតមួយកន្លែង ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អើ លដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកងកម្លាំង បង្កានឹងពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍ ។
ទាក់ទិនករណីអគ្គិភ័យនេះ ប្រជាពលរដ្ឋបាននិយាយរៀបរាប់ថា មុនពេលមានការភ្ញាក់ផ្អើលឆោឡោនោះ គឺ មានអណ្តាតភ្លើង ឆេះស្មៅក្នុងដីឡូត៍មួយកន្លែង ហើយពេលឃើញអណ្តាតឆេះកាន់តែខ្លាំងឡើងៗ ទើបប្រជាពលរដ្ឋសម្រេចចិត្ត រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន អោយចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ ។ ក្រោយទទួលបានដំណឹងពីប្រជាពលរដ្ឋ អាជ្ញាធរ បានហៅរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន៥គ្រឿង ចុះ អន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយបានចេញប្រតិបត្តិការណ៍ បាញ់ទប់ស្កាត់អណ្តាតភ្លើង កំពុងឆេះយ៉ាងសន្ធោសន្ធៅនោះអោយរលត់សូន្យសុងទៅវិញ ក្នុងរយះពេលជិតមួយម៉ោង ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់ចំនួន ៤គ្រឿង ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនបណ្តាលអោយឆាបឆេះ រាលដាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងរោងចក្របារីទេ គ្រាន់តែឆេះបំផ្លាញស្មៅ ក្នុងដីឡូត៍ប្រមាណជិត២ហិចតាប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ក្រោយមានហេតុការណ៍ឆេះស្មៅខាងលើនេះ ក៏មានការភ្ញាក់ផ្អើលថា ភ្លើងឆេះឃ្លាំងមួយកន្លែង នៅក្បែរនឹងស្ពានអាកាស ស្ទឹងមានជ័យ ស្ថិតក្នុងភូមិផ្អៀត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ប៉ុន្តែពេលសមត្ថកិច្ច នឹង រថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង ទៅដល់់កន្លែងភ្ញាក់ផ្អើលនោះ ទើបដឹងថា ការឆោឡោមានភ្លើងឆេះឃ្លាំង បង្កឡើងដោយសារលោកយាយចំណាស់ម្នាក់ បានដុតសម្រាមនៅក្នុងទីធ្លាបរិវេណផ្ទះ ហើយហុយផ្សែងចូលក្នុងឃ្លាំង បង្កការភ្ញាក់ផ្អើលថា មានភ្លើងឆេះតែម្តងទៅ ។ ជុំវិញភ្ញាក់ផ្អើលសមត្ថកិច្ច មិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទេ តែ បានឃាត់លោកយាយយកទៅកាន់ទីស្នាក់ការ នគរបាលប៉ុស្តិ៍ទំនប់ទឹក ដើម្បីណែនាំអប់រំ ពាក់ព័ន្ធការដុតសម្រាម ដោយមិនបានរាយការណ៍ជូនអាជ្ញាធរជាមុន ៕




































