កំពង់ស្ពឺ៖នៅលើដងផ្លូវជាតិលេខ ៤នាថ្ងៃច័ន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ យើង ឃើញមានការដ្ឋានជាច្រើនកន្លែងកំពុងដំណើរការអនុវត្តន៏ការងារជួស ជុល ថែទាំផ្លូវយ៉ាងញាប់ដៃញាប់ជើង។លោកមេការញូងរិទ្ធី ដែលកំពុងតែបញ្ជាឡានស្ទូចក្នុងការតម្លើងផ្លាកសញ្ញា
ចរាចរណ៍បានឆ្លើយប្រាប់អ្នកសារពត៌មានថា តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះក្រុមការងាររបស់លោកបានបំពាក់នូវផ្លាកសញ្ញាចរាចរណ៍ថ្មីបានប្រមាណ140ផ្លាកហើយ។
លោក ជួន វ៉ាន់ឌន តំណាងក្រុមហ៊ុន អេហ្សិតបានមានប្រសាសន៍បញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៥នេះ ក្រុមហ៊ុនមានគម្រោងតម្លើងផ្លាកសញ្ញាចរាចរណ៍ថ្មីចំនួន ៥០០ផ្លាកបន្ថែមទៀត។ក្នុងចំណោមផ្លាកសញ្ញាទាំងនោះភាគច្រើន គឺផ្ដោតលើការកំណត់ល្បឿន ដោយសារគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនគឺបង្កឡើងដោយការបើកបរហួសល្បឿនកំណត់។ពាក់ពន្ធ័ការងារសុវត្ថិភាពចរាចរណ៍នេះដែរ ក្រុមហ៊ុនក៏កំពុងមមាញឹកលើការងារអ៊ុតគំនូសចរាចរណ៍ថ្មីនិងដាក់របាំងដែកសុវត្ថិភាពនៅតាមតំបន់មាត់ជ្រោះ ចំណោតនិងផ្លូវកោងខ្លាំងនិងការពង្រីកផ្លូវនៅតំបន់ដែលតែងកើតមានគ្រោះថ្នាក់ និងមានការកកស្ទះចរាចរណ៍ញឹកញាប់។
លោកបានបន្តទៀតថា៖នៅឆ្នាំ២០១៣ ផ្លូវជាតិលេខ៤ ស្ថិតក្នុងលំដាប់ទី៤ ក្នុងចំណោមផ្លូវជាតិទាំង៨ ដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើន។ ប៉ុន្តែឆ្នាំ ២០១៤ ផ្លូវជាតិលេខ៤ បានថយមកលំដាប់ទី៦ វិញ។ ក៏ដូចឆ្នាំមុនដែរក្រុមហ៊ុនកំពុងបន្តពង្រឹងការអនុវត្តការងារឲ្យបានសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយចាត់ទុកការងារសុវត្ថិភាពចរាចរណ៍ជាចម្បងនិងខិតខំធ្វើយ៉ាងណាដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរឲ្យបានថយចុះ១០%ស្របតាមអនុសាសន៏របស់ឯកឧត្តមរដ្ឋមន្ត្រីដែលបានថ្លែងក្នុងអង្គប្រជុំ នៅក្រសួងសាធារណការនិងដឹកជញ្ជូននាពេលថ្មីៗកន្លងទៅនេះ។
តាមរយៈទិន្នន័យពីក្រសួងមហាផ្ទៃបានបង្ហាញថានៅឆ្នាំ២០១៤មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤,៨២៦ ករណី និងមានមនុស្សស្លាប់ចំនួន ២,១៩៥នាក់។ បើធៀបនឹងឆ្នាំ ២០១៣ មានករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើង ១៣% (ស្មើនិង៥៤០ករណី) និងកើនឡើងចំនួនមនុស្សស្លាប់ ១៨% (ស្មើនិង ៣៤០នាក់)។គួរកត់សំគាល់ដែរថាគ្រោះថ្នាក់ចរាចរណ៍បានបង្កឲ្យមានការខាតបង់សេដ្ឋកិច្ចជាច្រើនក្នុងមួយឆ្នាំៗ។របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថាកាលពីឆ្នាំ២០១៣គ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យខាតបង់ថវិការប្រមាណ ៣៣៧លានដុល្លារ។គិតទៅក្នុងមួយថ្ងៃប្រទេសកម្ពុជាត្រូវខាតបង់ថវិកាប្រមាណជិត១លានដុល្លារ។
ដូចនេះ ការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺជួយដល់សេដ្ឋកិច្ចជាតិ ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ គោរពច្បាប់ចរាចរណ៍ គឺជួយជីវិតខ្លួនឯងនិងអ្នកដ៏ទៃ «សុវត្ថិភាពផ្តើមចេញពីអ្នក» ៕



































