មណ្ឌលគិរី=ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៦កុម្ភៈ២០១៥នេះនៅចំណុចភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ បន្ទាប់ពីជនសង្ស័យបានលួច
ម៉ូតូប្រជាពលរដ្ឋយកទៅលាក់ទុកក្នុងព្រៃចំការចំងាយពីកន្លែងពិធីរាំធុងបាស់។
លោកវរៈសេនីយ៏ទោ ស៊ុម សោភ័ណ្ឌ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សឿន បូរី ភេទស្រីអាយុ២២ឆ្នាំជនជាតិព្នងមានទីលំនៅភូមិពូលូងសង្កាត់រមនាក្រុងសែនមនោរម្យបានប្តឹងអំពីករណីបាត់ម៉ូតូម៉ាកសេ១២៥ពណ៍ខ្មៅសេរីឆ្នាំ២០១១ពាក់ស្លាកលេខ១អា ០១៩១ មណ្ឌលគិរី កាលពីយប់ថ្ងៃទី១៥កុម្ភៈ២០១៥ដែលទុកក្រោមផ្ទះក្នុងថ្ងៃពិធីភ្ជាប់ពាក្យមានរាំធុងបាស។
លោកនាយការិយាល័យបានបន្តអោយដឹងទៀតថាបានទទួលពាក្យបណ្តឹងភ្លាមលោកបានចាត់កំលាំងជំនាញនគរបាលប៉ុស្ត៍ និង អធិការក្រុងចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនជន សង្ស័យយកមកសាកសួរ។ហើយជនសង្ស័យបានសារភាពថាពិតជាបានលួចម៉ូតូប្រជាពលរដ្ឋមួយគ្រឿងពិតប្រាកដមែន រួចនាំទៅយកម៉ូតូដែលខ្លួនលាក់ទុកក្នុងព្រៃចំងាយ២កីឡូមែត្រពី កន្លែងរាំធុងបាសស្ថិតនៅភូមិកើតហេតុខាងលើ។
ជនសង្ស័យដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួននោះមានឈ្មោះ ហាស់ ហ៊ីង អាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរកម្មករបេះម្រេចមានទីលំនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ចំណែកម៉ូតូបានប្រគល់ទៅអោយម្ចាស់វិញ៕



































